ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ បានប្រកាសដាក់ឱ្យអនុវត្តន៍ នូវគោលការណ៍ណែនាំ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច។
គំរោងទេសចរណ៍ខ្នាតតូច សំដៅដល់គំរោងដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់សំខាន់ចំនួន២ គឺតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។
-->
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោករ័ត្ន វិរៈ បានលើកឡើងក្នុងសិក្ខាសាលាកាលពីដើមសប្តាហ៍នេះថា “ការរៀបចំគោលការណ៍ណែនាំ បច្ចេកទេស គឺជាសេចក្តីត្រូវការចាំបាច់ ក្នុងការតម្រង់ទិស និងចង្អុលបង្ហាញអំពីដំណើរការបំពេញបែបបទនីតិវិធី ការរៀបចំ និងអនុវត្តគម្រោង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការប្រើប្រាស់ដី ការត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីធានាបាននូវការរៀបចំផលិតផល និងសេវាទេសចរណ៍ធម្មជាតិ ប្រកបដោយទទួលខុសត្រូវ។

ជាមួយគ្នានេះ លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជាបានឱ្យដឹងដែរថា គម្រោងនិរន្តភាពតំបន់ទេសភាពទេសចរណ៍ធម្មជាតិកម្ពុជា គឺក្នុងគោលបំណង ក្នុងការលើកកម្ពស់គ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា។
លោកស្រីបន្តថា គម្រោងនេះ មានសមាសភាពចំនួន៣ដូចជា ទី១ រៀបចំគម្រោងក្នុងការគ្រប់គ្រង ទី២ ការរៀបចំឱកាសក្នុងការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម និងទី៣ ការផ្សារភ្ជាប់ទីផ្សារ។
ក្រសួងបរិស្ថានបានឱ្យដឹងថា អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌បានរីកចម្រើន ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ និងបានរួមចំណែកជាង១០ភាគរយ នៅក្នុងផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ។
គិតមកដល់ពេលនេះ កម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិចំនួន៧៣ទីតាំង និងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន៣ (របៀងអភិរក្សជីវៈចម្រុះឦសាន របៀងអភិរក្សជីវៈចម្រុះឧត្តរ និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ) សរុបផ្ទៃដីមានប្រមាណ៧,២លានហិកតា ស្មើនឹង៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល៕
