ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហើបឲ្យដឹងថា គំរោងតភ្ជាប់ផ្លូវជាតិពីក្រុងសៀមរាប ទៅកាន់ក្រុងបាត់ដំបងបានសិក្សាបញ្ចប់រួចហើយ។
លោកបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុន ក្នុងកម្មវិធីសមិ ទ្ឋិផលរយៈពេល៥ឆ្នាំ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនថា សព្វថ្ងៃបើចង់ធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង ទាល់តែធ្វើដំណើរពីសេរីសោភ័ណ ទើបទៅដល់ខេត្តសៀមរាប ប៉ុន្តែយើងបានសិក្សាផ្លូវកាត់តែម្តង គឺពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាប។
-->

លោកបន្តថា “ផ្លូវថ្មីនេះមានភាពចំណេញ៨០គីឡូម៉ែត្រ ដែលផ្លូវនេះនឹងជួយសម្រួលការធ្វើដំណើរ និងកាត់បន្ថយថ្លៃចំណាយឡូជីស្ទិក”។លោកបន្តថា “ផ្លួវនេះបានសិក្សាចប់រួចហើយ និងបានសិក្សាចប់រួចហើយលើការពង្រីកផ្លូវជាតិលេខ៦ ពីព្រលានយន្តហោះថ្មីទៅកាន់ក្រុងសៀមរាប”។
បើតាមលោកវ៉ាស៊ីម សូរិយាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់ផ្លូវជាតិថ្មីនេះ មានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ ពិសេសជាការរៀបចំខ្សែលំហូរភ្ញៀវទេសចរណ៍ ពីក្រុងសៀមរាប ឲ្យបានសំរាក និងដើរកំសាន្តនៅក្រុងបាត់ដំបង និងកត្តាសំខាន់់មួយទៀត គឺការធ្វើសមាហរណកម្មផ្ទៃក្នុងរបស់កម្ពុជា ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង។
លោកបន្តថា “តាមផែនការឯកឧត្តមទេសរដ្ឋមន្រ្តី គ្រោងស្នើរដ្ឋាភិបាលសាងសង់ប៉មធំមួយ នៅកណ្តាលទន្លេរសាប ដើម្បីឲ្យភ្ញៀវទេសចរណ៍បានសំរាក និងគយគន់ទេសភាពបឹងទន្លេរសាបផងដែរ”៕
