សកម្មភាពទិញលក់ និងតម្លៃដីធ្លីក្នុងតំបន់អរិយក្សត្រនៅទ្រឹង ទោះលេចលឺដំណឹងពីការសាងសង់ស្ពាន

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងមួយរៈពេលចុងក្រោយនេះ ការទិញលក់និងតម្លៃដីធ្លីនៅក្នុងតំបន់អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាលមិនមានសន្ទុះគួរឱ្យកត់សម្គាល់នោះទេ ទោះបីជាស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រគ្រោងនឹងចាប់ផ្ដើមនៅពេលឆាប់ៗនេះក្ដី។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងនាព្រឹកថ្ងៃទី២ វិច្ឆិកានេះថា ក្នុងរយៈពេលថ្មីៗនេះ យើងមិនឃើញមានការផ្ទុះឡើងនៃតម្លៃដីធ្លី ក៏ដូចជាសកម្មភាពទិញលក់ដីធ្លី នៅក្នុងតំបន់អរិយក្សត្រ ឬក៏ក្នុងស្រុកល្វាឯមទាំងមូលនោះទេ។

លោកបន្តថា “ការទិញលក់ដីធ្លីសម្រាប់ទុកវិនិយោគ ពីសំណាក់ពល​រដ្ឋ ឬអ្នកវិនិយោគក្នុងពេលថ្មីៗនេះ ហាក់មានសភាពស្ងប់ស្ងាត់ និងថមថយ ខុសប្លែកពីប៉ុន្មានឆ្នាំមុន ដែលសកម្មភាពនេះមានច្រើន”។

លោកបន្តថា ពាក់ព័ន្ធជាមួយនឹងគម្រោងដែលថា នឹងបង្កើតក្រុងល្វាឯម នៅខេត្តកណ្ដាលនេះដែរ អ្នកវិនិយោគដីធ្លីគួរតែមានការប្រុងប្រយ័ត្នឬក៏សាកសួរព័ត៌មាន ឱ្យបានច្បាស់លាស់ជាមុនសិន ពីព្រោះថាគម្រោងខ្លះគឺចេញតែពីមាត់អ្នករកស៊ីដីធ្លី ឬអ្នកមានដីធំៗនៅក្នុងតំបន់នោះតែប៉ុណ្ណោះ ។

លោកបន្តថា “យើងអាចជឿជាក់បាន បើសិនជាមានអនុក្រឹត្យចេញដោយរដ្ឋាភិបាល តែបើសិនជាគ្រាន់តែលឺតៗគ្នានោះ សូមកុំទាន់ប្រថុយទិញដីសម្រាប់ទុកវិនិយោគ”។លោកបន្តថា “ក្នុងស្ថានភាពដូចបច្ចុប្បន្ននេះ ការវិនិយោគលើដីធ្លី និងអចលនទ្រព្យផ្សេងទៀត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវវិបត្តិឬហានិភ័យនៅពេលអនាគ”។

កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសថា រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃកំពុងសិក្សាបង្កើតទីក្រុងល្វាឯម ចំណុះឲ្យខេត្តកណ្តាល”។

ជាមួយគ្នានេះ លោកឧកញ៉ានួន រឹទ្ធីអគ្គនាយកក្រុមហ៊ុន KFA ក៏បានឱ្យដឹងថា ក្នុងបរិបទបែបនេះ អ្នកវិនិយោគមុននឹងធ្វើអ្វីមួយ គេបានគិតគូរម៉ត់ចត់ជាងមុន ហើយក្នុងបរិបទនេះដែរ បើសិនជាអាចគួរតែរក្សាភាពនឹងនរ និងមិនគួរវិនិយោគលើអចលនទ្រព្យ ជាពិសេសអ្នកមានចំណូលទាបនិងមធ្យម តែសម្រាប់អ្នកមានលុយ នៅតែអាចបណ្ដាក់ទុនវិនិយោគទៅតាមអ្វីដែលខ្លួនគិតថា នឹងទទួលបានផលចំណេញនៅពេលខាងមុខ ។

យ៉ាងណាក្ដីបើតាមអ្នកអភិវឌ្ឍន៍លំនៅឋានមួយរូប នៅប៉ែកខាងកើតទន្លេមេគង្គ លោកថាន់ ចាន់ណាអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានចាន់ណាលែនដ៏បានឱ្យដឹងថា តំបន់ប៉ែកខាងកើតទន្លេមេគង្គយើងឃើញថាមានការវិនិយោគ លើរោងចក្រច្រើនជាងមុន ដោយមានអ្នកអភិវឌ្ឍន៍បានសង់រោងចក្រសម្រាប់ទុកជួល ដល់អ្នកវិនិយោគលើរោងចក្រឧស្សាហកម្ម ។

លោកបន្តថា ដោយសារតែមើលឃើញពីសកម្មភាពបែបនេះ លោកបានពង្រីកគម្រោងរបស់ខ្លួននឹងរំពឹងថា នឹងទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋជាច្រើនទៀតនៅពេលឆាប់ៗនេះ ជាពិសេសនៅពេលវិបត្តិធូរស្រាលដែលស្ថានភាពនឹងវិលត្រលប់ទៅរកដូចមុនកូវីដ១៩វិញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here