ដំណឹងល្អ ផ្លូវជាតិលេខ៦៧នឹងត្រូវសាងសង់លើកកម្រិតក្នុងពេលឆាប់ៗនេះ ក្នុងទំហំទឹកប្រាក់៣០លានដុល្លារអាមេរិក

0

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជា និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ៦៧ តភ្ជាប់ខេត្តសៀមរាប ទៅស្រុកអន្លង់វែង-ជាំសាង៉ាំ ដែលមានទឹកប្រាក់សរុប៩៨៣លានបាត (ស្មើ៣០លានដុល្លារអាមេរិក) នៅថ្ងៃសុក្រទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ភាគីខាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ និងភាគីខាងរាជរដ្ឋាភិបាលថៃ តំណាងដោយលោក Perames Vudthitornetiraks ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអភិវឌ្ឍន៍ សេដ្ឋកិច្ច នៃបណ្តាប្រទេសជិតខាង (NEDA)។

លោក Perames Vudthitornetiraks បានមានប្រសាសន៍ថា បច្ចុប្បន្ន NEDA កំពុងដើរតួនាទីជា ដៃគូអភិវឌ្ឍន៍ដ៏សកម្មមួយរបស់កម្ពុជា ដោយផ្តោតសំខាន់ទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងគោលដៅពន្លឿនការតភ្ជាប់រវាងប្រទេសទាំង២ឱ្យកាន់តែប្រសើរឡើង ហើយផ្លូវជាតិលេខ៦៧នេះ គឺជាច្រកមួយដ៏សំខាន់ក្នុងការបម្រើឱ្យគោលដៅនេះ។

លោកប្រធាន NEDA ក៏បានបន្តទៀតផងដែរថា ក្រៅអំពីកិច្ចសហប្រតិបត្តិការវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ NEDA ក៏មានបំណងបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យផ្សេងៗទៀតផងដែរនាពេលអនាគត រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យរចនាសម្ព័ន្ធរូបវ័ន្តសាធារណ: ថាមពល សុខាភិបាល និងការអភិវឌ្ឍទីក្រុងជាដើម។

លោក វង្សី វិស្សុត បានសម្តែងនូវក្តីសោមន្សរីករាយ ដែលរាជរដ្ឋាភិបាលថៃ បានអនុម័តឥណទាន សម្រាប់គម្រោងលើក កម្រិតផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) ប្រវែងប្រមាណ១៣៥គីឡូម៉ែត្រ ព្រោះថាផ្លូវជាតិលេខ៦៧នេះ គឺជាច្រកដ៏សំខាន់មួយ ក្នុងការតភ្ជាប់ប្រទេសកម្ពុជា និងប្រទេសថៃ ដោយតភ្ជាប់ខេត្តសៀមរាប និងភាគខាងជើងនៃប្រទេសកម្ពុជាទៅនឹងខេត្តស៊ីសាកេត និងភាគឦសាននៃប្រទេសថៃ។

 

ការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវដ៏សំខាន់នេះ នឹងជួយធ្វើឱ្យការធ្វើចរាចរណ៍ និងការដឹកជញ្ជូនឱ្យកាន់តែប្រសើរឡើង ហើយកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងចំណាយតិចជាងមុន ដែលនឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន និងជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ ព្រមទាំងអាចផ្តល់ជាឱកាសវិនិយោគ និងធុរកិច្ចនិងចូលរួមចំណែកលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋទាំងពីរប្រទេសផងដែរ។

ជាងនេះទៅទៀត ផ្លូវនេះនឹងមិនត្រឹមតែធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ផ្ទៃក្នុងរបស់កម្ពុជា និងជាមួយប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការតភ្ជាប់ ក្នុងតំបន់នៅក្នុងតំបន់ GMS និងអាស៊ានផងដែរ។ លោកបានបន្តថា ផ្លូវជាតិលេខ៦៧ធ្លាប់ត្រូវបានស្តារ និងសាងសង់ឡើងវិញក្រោមហិរញ្ញប្បទាន សម្បទានរបស់រាជរដ្ឋាភិបាលថៃនៅឆ្នាំ២០០៦ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅខែកក្កដា ឆ្នាំ២០០៩។ បន្ទាប់ពីបានដាក់ប្រើប្រាស់ជាងមួយទសវត្សរ៍ ផ្លូវនេះពិតជាត្រូវការជួសជុល និងកែលម្អឡើងវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍកម្ពុជានាពេលបច្ចុប្បន្ន។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះមិនត្រឹមតែបានឆ្លុះបញ្ចាំងពីភាពជាអ្នកជិតដ៏ល្អរវាងកម្ពុជា-ថៃ ដែលមានព្រពៃណី ទំនាមទំម្លាប់ស្រដៀងគ្នាប៉ុណ្ណោះទេ តែក៏ជាដៃគូដ៏ល្អផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here