ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ទោះស្ថានភាពអចលនទ្រព្យក្នុងឆ្នាំ២០២២នេះមានភាពថមថយទាំងការវិនិយោគ និងការទិញលក់អចលនទ្រព្យ ប៉ុន្តែការដោះដូរទិញលក់ និងផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក្នុងមួយខែយ៉ោងហោចណាស់ក៏មានប្រមាណពី៨០០ករណី ទៅ១០០០ករណីដែរ។
នេះបើតាមការបញ្ជាក់របស់លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
-->
លោកបានបញ្ជាក់ថា តាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការដោះដូរអចលនទ្រព្យក្នុងមួយខែ មានចន្លោះពី៨០០ ទៅ១០០០ករណី។ ចំណែក ទំហំសាច់ប្រាក់នៃការដោះដូរអចលនទ្រព្យក៏មានការប្រែប្រួល ទៅតាមតម្លៃអចលនទ្រព្យ ដែលបានដោះដូរ ក្នុងមួយខែៗនេះដែរ។

លោកបន្តថា ការដោះដូរអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា បានបែងចែកជាពីរ ទី១ គឺការដោះដូរដោយផ្ដល់នូវប្រាក់កម្ចី ជាផ្នែកមួយនៃការវិនិយោគអចលនទ្រព្យដែលមានស្រាប់ ដោយពេលខ្លះពួកគាត់មិនដោះដូរជាប្លង់ទេ តែគាត់គ្រាន់តែទទួលបាននូវប្រាក់កម្ចី សម្រាប់ការវិនិយោគបន្ថែម ឬគេឱ្យឈ្មោះថា Real Estate Investment។
លោកបានបន្តទៀតថា “ក្នុងឆ្នាំ២០២១ និង២០២២នេះ ចំនួននៃការដោះដូរអចលនទ្រព្យ គឺមានប្រហាក់ប្រហែលគ្នា។ ដោយឡែក យើងឃើញថា កាលពីឆ្នាំ២០២០ ជាការចាប់ផ្ដើមនៃវិបត្តិកូវីដ១៩ និងអាចសល់ចំហាយ នៃការរីកចម្រើនកាលពីឆ្នាំ២០១៩ កាលនោះការដោះដូរមានចំនួនច្រើន តែឆ្នាំ២០២១ និង២០២២នេះ ការដោះដូរក្នុងមួយខែៗមានទំហំប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ”។

បើយោងតាមបណ្ដាភ្នាក់ងារអចលនវត្ថុ នៅតាមបណ្ដាខេត្តនានា បានបង្ហាញផងដែរថាសកម្មភាពនៃការទិញលក់អចលនទ្រព្យ នាពេលបច្ចុប្បន្ននេះ ឃើញថាមានការថមថយ ប៉ុន្តែមិនស្ងប់ស្ងាត់ខ្លាំងនោះទេ។ អ្នកស្វែងរកទិញដី និងទិញអចលនទ្រព្យនៅតែបន្តស្វែងរក ហើយពួកគាត់កំពុងសម្លឹងមើលអចលនទ្រព្យណា ដែលអាចឱ្យពួកគេចំណេញប្រាក់បានខ្ពស់ ឬមានសក្ដានុពលក្នុងការវិនិយោគនៅពេលអនាគត។
ការដោះដូរអចលនទ្រព្យនៅកម្ពុជា ក៏ត្រូវបានអ្នកជំនាញបង្ហាញឱ្យដឹងថា បើធៀបជាមួយនឹងបណ្ដាប្រទេសជិតខាង កម្ពុជានៅតែមានការដោះដូរច្រើនជាង ដោយសារតែតម្លៃអចលនទ្រព្យនៅកម្ពុជានៅមានកម្រិត ដែលអាចឱ្យវិនិយោគិនទិញ ហើយទុកចំនេញ ចំណេញខ្ពស់ និងបានជឿថា នៅពេលអនាគតស្ថានភាពវិនិយោគអចលនទ្រព្យនឹងល្អប្រសើរ៕
