ដោយ៖ ដួង ចន្ទ្រា
ភ្នំពេញ៖ ប្រទេសវៀតណាមវិនិយោគនៅកម្ពុជា មានទំហំទឹកប្រាក់កើនឡើងជិតដល់ទឹកប្រាក់៣០០០លានដុល្លារអាមេរិក និងមានគម្រោងសរុបចំនួន១៩០គំរោង។នេះបើតាមការឲ្យដឹងពីមន្ត្រីពាណិជ្ជកម្មរបស់វៀតណាម។
ថ្លែងក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគវៀតណាម -ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ នៅរាជធានីភ្នំពេញ លោក ដូ វឹក ហឹង អនុប្រធាននាយកដ្ឋានទីផ្សារអាស៊ី-អាហ្វ្រិក នៃក្រសួង ឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានមានប្រសាសន៍ថា មកទល់បច្ចុប្បន្នមានគម្រោងចំនួន១៩០របស់វៀតណាម ដែលបានធ្វើវិនិយោគនៅកម្ពុជា ដោយមានទឹកប្រាក់ចំនួនជិត៣ពាន់លានដុល្លារអាមេរិក។ លោកបន្តថា ក្រោយសកម្មភាពវិនិយោគប្រកបអាជីវកម្មរបស់សហគ្រាសវៀតណាមប្រចាំកម្ពុជា ទទួលបានការវាយតម្លៃយ៉ាងខ្ពស់ពីថ្នាក់ដឹកនាំរបស់កម្ពុជា ដោយបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្ពុជានាពេលកន្លងមកនេះ។
-->
លោកបន្តថា ចំណែកការវិនិយោគពីកម្ពុជា ទៅកាន់វៀតណាមវិញក៏មានការកើនឡើងផងដែរ ដោយមានគម្រោងចំនួន១៨ ក្នុងទឹកប្រាក់ចំនួន៥៨លានដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មទ្វេរភាគី នេះក៏បានសម្រេចជាមធ្យមប្រមាណ ៣ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ប្រធាននាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងពាណិជ្ជកម្មកម្ពុជាលោកហូ ស៊ីយ៉ុងបានថ្លែងថា ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ ដែលកើនឡើងជាលំដាប់នេះ ដោយសារកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសទាំងពីរ។ លើសពីនេះទៀត ក្រោមការដឹកនាំដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនាក់ទំនងទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គម រវាងកម្ពុជា-វៀតណាមមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំនោះ។

ក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគវៀតណាម- ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ នៅថ្ងៃនេះ មានក្រុមហ៊ុនកម្ពុជាចូលរួមសរុបប្រមាណ១៥០ក្រុមហ៊ុន។ ចំណែកក្រុមហ៊ុនវៀតណាមមានចំនួនប្រមាណ១០០ក្រុមហ៊ុន៕