ចំណុចវិជ្ជមានសំខាន់ៗទាក់ទងនឹងកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ស្របពេលកម្ពុជាកំពុងធ្វើជាប្រធានអាស៊ាន និងជាប្រធាន

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ កម្ពុជាបានទទួលភាពវិជ្ជមាន និងផលចំណេញជាច្រើនលើវិស័យកាទូត ពាណិជ្ជកម្ម និងកិច្ចសហប្រតិ​បត្តិការជាមួយបណ្តាប្រទេសជាសម្ព័ន្ឋមិត្តរបស់ខ្លួន។

ពាណិជ្ជកម្មកម្ពុជា កូរ៉េសញ្ញាវិជ្ជមាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកYoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហាញសុទិដ្ឋនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាន នៅដើមខែក្រោ​យនេះ ក្រោយការផ្តល់សច្ចាប័ន ដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នឹងធ្វើឱ្យកើនឡើងយ៉ាងខ្លាំងនូវទំហំពាណិជ្ជកម្មទេ្វភាគី។

ការបង្ហាញសុទិដ្ឋនិយមរួមគ្នា របស់មេដឹកនាំកំពូលទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន និង ឯកឧត្តមប្រធានាធិបតី Yoon បានសាទរ ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការកើនឡើងនូវការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ ហើយនិងមានសុទិ​ដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងចូលជាធរមាននៅដើមខែក្រោយនេះ ក្រោយការផ្តល់សច្ចាប័ន ដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នឹងធ្វើឱ្យកើនឡើងយ៉ាងខ្លាំងនូវទំហំពាណិជ្ជកម្មទេ្វភាគី


លោកប្រធានាធិបតីYoon បានសម្តែងនូវសុទិដ្ឋិនិយមថា “កិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា ដែលមានប្រសិទ្ធភាពអនុវត្តចាប់តាំងពីខែមករា ឆ្នាំ២០២២ នឹងជំរុញឱ្យមានការវិនិយោគ របស់កូរ៉េច្រើនថែមទៀតនៅកម្ពុជា”។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ CKFTA ជាគំនិតផ្តួចផ្តើមរបស់សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក MOON Jae-In ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េមកកាន់​កម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅសំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ឋានៈកម្ពុជាត្រូវបានលើកកំពស់នីអង្គការសហប្រតិបត្តិការសៀងហៃ

អង្គការសហប្រតិបត្តិការសៀងហៃ (SCO) គ្រោងនឹងដំឡើងឋានៈកម្ពុជាពីដៃគូសន្ទនា ទៅជាអ្នកសង្កេតការណ៍របស់ខ្លួន។ នេះជាការបញ្ជាក់របស់ លោកZhang Ming អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោក Zhang Ming ដែលគំាទ្រការដាក់បេក្ខភាពរបស់កម្ពុជា ជាអ្នកសង្កេតការណ៍ នៃSCO និងបានគូសបញ្ជាក់ ពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការទទួលយកនូវអនុសាសន៍នានារបស់ SCO និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីសម្រេចបាននូវគោលដៅនេះ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកអគ្គលេខាធិការ Zhang Ming បានពិភាក្សាគ្នាយ៉ាងផុលផុស អំពីការដាក់បេក្ខភាពកម្ពុជា ដើម្បីក្លាយជាអ្នកសង្កេតការណ៍ នៃអង្គការសហប្រតិបត្តិការសៀងហៃ បន្ទាប់ពីបានក្លាយជាដៃគូសន្ទនា របស់អង្គការនេះក្នុងឆ្នាំ២០១៥។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចាប់តាំងពីបានក្លាយជាដៃគូសន្ទនារបស់ SCO ក្នុងឆ្នាំ ២០១៥ កម្ពុជាបានរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងSCO ដោយបានលើកឡើងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងអង្គការនានាក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ។

លោក Zhang Ming បានកោតសរសើរកម្ពុជា ចំពោះការចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់ទំនាក់ទំនង រវាងអាស៊ាន និងSCO និងបានលើកឡើង ពីដំណើរការផ្ទៃក្នុងរបស់SCO ក្នុងការដំឡើងឋានៈពីដៃគូសន្ទនាទៅជាអ្នកសង្កេតការណ៍របស់SCO និងបង្ហាញពីក្តីសង្ឃឹមថា កម្ពុជានឹងក្លាយជាអ្នកសង្កេតការណ៍ នៃអង្គការសហប្រតិបត្តិការសៀងហៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោកអគ្គលេខាធិការ បានពិភាក្សា និងធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង SCO។

មេដឹកនាំអាស៊ានគាំទ្របេក្ខភាពលោកបណ្ឌិតកៅ គឹមហួន

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០២២ មេដឹកនាំអាស៊ានទាំងអស់ បានគាំទ្រចំពោះការតែងតាំង លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ត្រូវបានប្រកាសតែងតាំង អគ្គលេខាធិការអាស៊ាន។ នេះបើតាមការបញ្ជាក់របស់ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំអាស៊ាន។

លោកបានបញ្ជាក់ដូច្នេះថា ថ្នាក់ដឹកនាំអាស៊ាន ក៏បានគាំទ្រ និងឯកភាព លើការតែងតាំងឯកឧត្តមបណ្ឌិតកៅ គឹមហួន ចំណុចនេះខ្ញុំបានបញ្ជាក់រួចហើយ ប៉ុន្តែថ្ងៃនេះថ្នាក់ដឹកនាំអាស៊ានរបស់យើង ក៏បានបង្ហាញជាថ្មីម្តងទៀតនូវការគាំទ្រ ក៏ដូចជាការសហការ ដើម្បីធ្វើយ៉ាងណាឱ្យអគ្គលេខាធិការថ្មី មានលទ្ធភាពបំពេញតួនាទីខ្លួនមានប្រសិទ្ធភាព

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ត្រូវបានប្រកាសតែងតាំង អគ្គលេខាធិការអាស៊ាន ចាប់ពីឆ្នាំ២០២៣ ខាងមុខនេះ។ ការតែងតាំងនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ។

លោកបណ្ឌិត កៅ គឹមហួន ជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស៣នាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា ស្នើធ្វើជាអគ្គលេខាធិការអាស៊ាន ឆ្នាំ២០២៣ នៅពេលដែលដល់វេនប្រទេសកម្ពុជា។ នេះជាលើកទី១ហើយ ដែលកម្ពុជាមានឱកាសធ្វើជា អគ្គលេខាធិការអាស៊ាន បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអាស៊ាន កាលពីឆ្នាំ១៩៩៩។

កម្ពុជា ចិនសម្រេចពន្លឿនផែនការកសាងសហគមន៍រួមគ្នា

ជាដំណឹងរីករាយមួយសម្រាប់កម្ពុជា គឺមេដឹកនាំកម្ពុជា-ចិន បានឯកភាពគ្នាពន្លឿន ការកសាងសហគមន៍វាសនារួម“កម្ពុជា-ចិន” ស្របតាមផលប្រយោជន៍ជាមូលដ្ឋាន របស់ប្រជាជនទាំងពីរ។

យោងតាមសេចក្ដីប្រកាសរួមបង្ហាញអំពីលទ្ធផល នៃជំនួបពិភាក្សាការងាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន ដែលបណ្ដាញព័ត៌មាននានាទទួលបាននាថ្ងៃទី១១ វិច្ឆិកានេះ។

សេចក្ដីប្រកាសព័ត៌មានរួមបានឲ្យដឹងថា ភាគីទាំងពីរ បានឯកភាពថា នៅក្នុងយុគសម័យថ្មី ការពន្លឿនការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គឺជាបំណងប្រាថ្នារួម និងស្របតាមផលប្រយោជន៍ជាមូលដ្ឋាន របស់ប្រជាជនទាំងពីរ ព្រមទាំងមានលក្ខណៈអំណោយផល ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

កម្ពុជា ចិនប្រកាសកិច្ចសហប្រតិបត្តិការស្តីពីសមុទ្រចិនខាងត្បូង

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ុន សែន និងនាយរដ្ឋរដ្ឋមន្រ្តីចិន

លោកលី ខឺឈាងបានរួមគ្នាលើកឡើងថា “សេចក្តីប្រកា​សស្តីពីការប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង” បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង អស់រយៈពេលជាង ២០ឆ្នាំមកហើយ។

ការណ៍នេះ កម្ពុជា-ចិន អំពាវនាវដល់ភាគីពាក់ព័ន្ធ បន្តអនុវត្តឱ្យបានពេញលេញ និងប្រសិទ្ធភាព ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រជាក់ស្តែង និងឈានទៅសម្រេច នូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងឱ្យបានឆាប់ ឈរលើមូលដ្ឋានឯកច្ឆន្ទទៅវិញទៅមក ដើម្បីកសាងសមុទ្រចិនខាងត្បូង ទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

សេចក្តីប្រកាសរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានគូសបញ្ជាក់ថា ភាគីទាំងពីរបានសង្កត់ធ្ងន់ អំពីសារសំខាន់នៃការប្រកាន់ខ្ជាប់នូវពហុភាគីនិយមពិតប្រាកដ ធ្វើទំនើបកម្មប្រជាធិបតេយ្យ ទំនាក់ទំនងអន្តរជាតិ និងការអភិវឌ្ឍអភិបាលកិច្ចសកល ឆ្ពោះទៅរកយុត្តិធម៌ និងសមធម៌កាន់តែធំធេង។

ជាមួយគ្នានេះដែរ ភាគីកម្ពុជា-ចិន បានឯកភាពប្រកាន់ខ្ជាប់នូវនិយាមជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ការពារភាពមិនលម្អៀង និងយុត្តិធម៌អន្តរជាតិ ហើយប្រឆាំងរាល់ទម្រង់ នៃអនុត្តរភាពនយោបាយអំណាចឯកតោភាគីនិយម និងភាពផ្ដាច់មុខ ផ្នត់គំនិតសង្គ្រាមត្រជាក់ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងស្តង់ដារពីរ។

ភាគីទាំងពីរបានគាំទ្រ និងលើកឡើងថា ប្រទេសនានាគួរធ្វើការផ្លាស់ប្តូរ និងធ្វើកិច្ចសហប្រតិបត្តិការ លើផ្នែកសិទ្ធិមនុស្ស ដោយឈរលើមូលដ្ឋានស្មើភាព និងគោរពគ្នាទៅវិញទៅមក ជំនួសឱ្យការធ្វើនយោបាយតូបនីយ​កម្ម លើបញ្ហាសិទ្ធិមនុស្ស៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here