ដោយៈ ជេស៊ីកា
ភ្នំពេញៈ ការវិនិយោគនៅក្នុងតំបន់សក្តានុពលផ្សេងគ្នា ក៏នឹងផ្តល់មកវិញនូវផលចំណេញ ក្នុងកម្រិតផ្សេងគ្នាផងដែរ។
អ្នកជំនាញនៃទីផ្សារអចលនទ្រព្យបានលើកឡើងពី ប្រភេទនៃការវិនិយោគចំនួនបីប្រភេទខុសគ្នា នៅលើទីតាំងខុសៗគ្នា ដែលផ្តល់នូវផលចំណេញ និងប្រឈមនឹងកម្រិតហានិភ័យក្នុងកម្រិតខុសៗគ្នា។
-->
លោក សន សៀប ស្ថាបនិក និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុននេះថា សម្រាប់ការវិនិយោគ ត្រូវបានបែងចែកចេញជា៣ប្រភេទ រួមមាន ការវិនិយោគ ដែលមានហានិភ័យទាប មានហានិភ័យមធ្យម និងមានហានិភ័យខ្ពស់។ ប្រភេទការវិនិយោគនីមួយៗ ត្រូវបានផ្តោតនៅក្នុងទីតាំង និងអាចផ្តល់នូវផលចំណេញត្រលប់មកវិញខុសៗគ្នា។

លោកពន្យល់ថា ប្រភេទនៃការវិនិយោគទី១ ដែលមានហានិភ័យទាប ជាប្រភេទនៃការវិនិយោគ នៅក្នុងតំបន់ដែលត្រូវបានអភិវឌ្ឍន៍រួចរាល់ហើយ រួមមាន ការវិនិយោគខុនដូ ដីធ្លី លំនៅឋាន នៅក្នុងរាជធានីនៅភ្នំពេញ ជាដើម។ តាមការប៉ានស្មាន ជាមធ្យម អត្រាផលចំណេញពីការវិនិយោគ (Return On Investment ) ក្នុងប្រភេទទី១នេះ មានចន្លោះពី៥ទៅ១០ភាគរយ។
ការវិនិយោគប្រភេទនេះ ស័ក្តិសមសម្រាប់អតិថិជន ឬវិនិយោគិនទាំងឡាយណា ដែលមិនចូលចិត្តការប្រថុយប្រថាន។
ការវិនិយោគទី២ ដែលមានហានិភ័យមធ្យម ស័ក្តិសមសម្រាប់ក្រុមអ្នកវិនិយោគ ដែលមានហានិភ័យមធ្យម មានទីតាំងនៅក្នុងតំបន់ ដែលកំពុងតែអភិវឌ្ឍន៍ ដូចជា ផ្លូវក្រវាត់ក្រុងទី៣ និងទី៤ តំបន់ជាយរាជធានីភ្នំពេញមួយចំនួន។ ជាទូទៅ ការវិនិយោគប្រភេទនេះ អាចផ្តល់ផលចំណេញពីការវិនិយោគ (RO I) ចន្លោះពី១៥ទៅ៣០ភាគរយ។
ការវិនិយោគទី៣ ដែលមានហានិភ័យខ្ពស់ គួរជ្រើសរើសវិនិយោគ នៅក្នុងតំបន់អភិវឌ្ឍន៍នាពេលអនាគត ហើយអាចផ្តល់ផលចំណេញពីការវិនិយោគ ចន្លោះពី៣០ ទៅ៥០ភាគរយ។
ជាមួយគ្នានេះផងដែរ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានចែករំលែកបទពិសោធន៍ថា ប្រសិនបើចង់ទិញដីធ្លី ទទួលបានផលចំណេញខ្ពស់ អ្នកវិនិយោគត្រូវសម្លឹងមើលលើប្រភេទដី និងពិចារណា លើរយៈពេលនៃការវិនិយោគរបស់ខ្លួន ថាចង់វិនិយោគរយៈពេលខ្លី មធ្យម ឬវែង។
អ្នកជំនាញជើងចាស់រូបនេះ បានផ្តល់យោបល់ថា សម្រាប់វិនិយោគរយៈពេលខ្លី ដែលអាចទទួលផលចំណេញ ក្នុងរយៈពេល១ទៅ២ឆ្នាំ គួរទិញដីនៅក្នុងតំបន់កណ្តាលក្រុង ឬជាយក្រុងមួយចំនួន។ សម្រាប់វិនិយោគរយៈពេលមធ្យម ដែលអាចទទួលផលចំណេញ ក្នុងរយៈពេល៣ទៅ៥ឆ្នាំ គួរទិញដីនៅក្នុងតំបន់ទាំងឡាយណា ក្នុងរយៈចម្ងាយ៣០គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញ ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ និងចរន្តសេដ្ឋកិច្ចខ្លាំង៕
