ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាចូលរួមបើកការដ្ឋានខសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេនៅកម្ពុជា

0

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជា សុផារ៉ា បានអញ្ជើញជាអធិបតីបើកការដ្ឋានបុកគ្រឹះសាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេនៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់សាលាជាតិ វិជ្ជាជីវៈទេស​ចរណ៍ដំបូងគេចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ១ទីតាំង និងនៅខេត្តព្រះសីហនុ១ទីតាំង ដោយគម្រោងសាងសង់សាលាទាំងពីរ នេះគ្រោងចំណា​យថវិកាសរុបចំនួន១១លានអឺរ៉ូ(ប្រហែល១២លានដុល្លា) ដែលជាហិរញ្ញប្បទានឥណទានពីទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍ(AFD)។

លោកហ្សាក់ ប៉ីឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាបានអបអរសាទរចំពោះកម្ពុជា ដែលបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ និងពោពេញដោយសមត្ថភាពរបស់ខ្លួន ក្នុងការទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩ និងឆ្ពោះទៅរកការស្តារឡើងវិញ ពេញលេញលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។

លោកបន្តថា “កម្ពុជាគឺជាប្រទេសដំបូងគេនៅអាស៊ី ដែលបានបើកវិស័យទេសចរណ៍ សម្រាប់អ្នកធ្វើដំណើរចាក់វ៉ាក់សាំង និងសារទរចំពោះការអនុវត្តដ៏មានប្រសិទ្ធភាព នៃផែនទីចង្អុលផ្លូវក្នុងការស្តារ វិស័យទេសចរណ៍ ក្នុង និងក្រោយ វិបត្តិជំងឺឆ្លងកូវីដ-១៩របស់កម្ពុជា”។

លាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញនេះ មានសំណង់អគារ២អាគារ ខាងមុខមានកំពស់២ជាន់ ខាងក្រោយកំពស់៤ជាន់ ក្នុងនោះរួមមាន៖ បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូ សម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ មានបណ្ណាល័យ ភោជនីយដ្ឋាន និងបន្ទប់សង្គ្រោះបថម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត ប្រព័ន្ធការពារហានិភ័យ និងលំហបៃតងជាដើម។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានមានប្រសាសន៍ថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នឹងដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន៤ផ្នែក សំខាន់ៗរួមមាន ទីផ្នែកសេវាកម្មសណ្ឋា​គារនិងសេវាកម្មស្នាក់នៅទេសចរណ៍ ទី២ ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ទី៣ ផ្នែកសេវាកម្មធ្វើ ដំណើរ និងទី៤ ផ្នែកសេវាកម្មទេសចរណ៍។

សាលាជាតិនេះ នឹងផ្តល់កម្រិតគុណវុឌ្ឍវិជ្ជាជីវៈ ចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ និងមានវគ្គបណ្តុះបណ្តាលបន្ត និងខ្ចី និងជាមជ្ឈមណ្ឌលវាយតម្លៃស្របតាមស្តង់ដាជាតិ និងអាស៊ានផងដែរ។

ជាមួយគ្នានេះ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តីបានលើកឡើងពីតួរនាទី និងភារកិច្ចសំខាន់ៗរបស់សាលាជាតិ វិជ្ជាជីវៈទេសចរណ៍ ដូចជា ទី១ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលនឹងផ្តល់ឱកាសដល់សិស្ស (ចាប់ពីថ្នាក់ទី៩ ឡើង) ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារកម្រិតមធ្យមអាចចូលរៀនបានក្នុងតម្លៃសមរម្យ។ ទី២ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រកបដោយគុណភា​ពកម្រិតខ្ពស់ ឆ្លើយតបនឹងតម្រូវការ នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ក្រោ​យវិបត្តិជំងឺកូវីដ-១៩។

ទី៣ ជាមជ្ឈមណ្ឌល Center of Excellence សម្រាប់បញ្ជាក់សមត្ថភាពវិជ្ជាជីវៈដល់បុគ្គលិក បម្រើការក្នុងវិស័យទេសចរណ៍ ដោយប្រើប្រាស់​ស្តង់ដាជាតិ និងអន្តរជាតិ។ ទីចូលរួមជំរុញអនុវត្តស្មារតីនៃ “កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន” (ASEAN MRA-TP)។ ទី៥ ជាក្បាលម៉ាស៊ីនក្នុងការពង្រឹងគុណភាពនៃការបណ្តុះបណ្តាល និងបំផុសឱ្យមានការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេស​ចរណ៍ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ទាំងនៅតាមគ្រឹះស្ថានរដ្ឋ អង្គការក្រៅ រដ្ឋាភិបាល និងវិស័យឯកជន។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា ក៏បានផ្តល់ជាអនុសាសន៍គ្លឺះមួយចំនួន ដល់គណៈគ្រប់គ្រងសាលាជាតិវិជ្ជាជីវៈទេសចរណ៍ដូចជា ទី១ ស្នើឱ្យម្ចាស់គម្រោង ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) សហការជាមួយក្រុមហ៊ុនត្រួតពិនិត្យការសាងសង់ ជំរុញជាប់ជាប្រចាំឱ្យក្រុមហ៊ុនទទួលម៉ៅការសាងសង់ ខិតខំប្រឹងប្រែងដើម្បីឱ្យការសាងសង់អគារទាំងពីរ នៃសាលាជាតិវិជ្ជាជីវៈទេសចរណ៍ សម្រេចបានតាមកាលបរិច្ឆេទគ្រោងទុក ឈានទៅចាប់ផ្តើម​ទទួលសិស្សជំនាន់ទី១ នៅឆ្នាំ២០២៤ ខាងមុខ។

ទី២. ក្រសួងទេសចរណ៍ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ត្រូវសហការ

ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ រៀបចំរចនាសម្ព័ន្ធគ្រប់គ្រងសាលាជាតិទាំងពីរ ទីតាំងនេះឱ្យបានសមស្រប។ ទន្ទឹមនេះ សាលាជាតិត្រូវសហការជាមួយផ្នែកឯកជន ដើម្បីរៀបចំកម្មវិធីសិក្សា ផែនការប្រតិបត្តិ និងផែនការបណ្តុះបណ្តាលរបស់សាលាឱ្យបានច្បាស់លាស់ សំដៅធានាដល់ដំណើរការរបស់សាលា ឱ្យទទួលបានជោគ​ជ័យ ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព។

ទី៣. សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ត្រូវផ្តល់លទ្ធភាពដល់យុវជន សិស្ស-និស្សិតក្រីក្រ ងាយរងគ្រោះ និងជនពិការ ឱ្យមានឱកាសបានចូលរៀន ទទួលបានការបណ្តុះបណ្តាលជំនាញទេសចរណ៍ ក្នុងតម្លៃសិក្សាសមរម្យ ក្នុងនោះក្រសួងទេសចរណ៍ និងសាលាជាតិ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ត្រូវរៀបចំយន្តការទ្រទ្រង់ ដូចជាកម្មវិធីកម្ចីសិស្សសម្រាប់ជំនាញទេសចរណ៍ (Study Loan for Tourism Skills) និងការផ្តល់អាហារូបករណ៍ ជាដើម។

ទី៤  ស្នើសុំលោកឯកអគ្គរដ្ឋទូតបារាំង និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ផ្តល់កិច្ចសហការ និងសម្របសម្រួល ឱ្យសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍បារាំង ធ្វើជាដៃគូជាមួយសាលាជាតិវិជ្ជាជីវៈទេសចរណ៍របស់កម្ពុជា ដើម្បីបន្តគាំទ្រសាលាជាតិក្នុងការ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រី និងគ្រូបង្រៀន។ ទី ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធ ត្រូវខិតខំសម្រេចឱ្យបាន តាមផែនការបណ្តុះបណ្តាល​ធនធានមនុស្ស ដូចដែលបានកំណត់ក្នុង “ផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបនឹងកំណើន នៃការមកដល់របស់ទេសចរអន្តរជាតិ និងចលនាទេសចរផ្ទៃក្នុង។

អគារសាលាជាតិវិជ្ជាជិវៈទេសចរណ៍នេះ អាចដាក់សិស្សបានប្រមា​ណ៦០០នាក់ បន្ទាប់ពីសំណង់អគារសាលា ត្រូវបានសាងសង់រួចរាល់ សា​លាគ្រោងនឹងទទួលសិស្សចុះឈ្មោះ ចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀត នៅឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ៣០០នាក់នៅភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here