ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ធនាគារពិភពលោកបានបន្តទម្លាក់ ការព្យាករណ៍កំនើនសេដ្ឋកិច្ចកម្ពុជា មកនៅត្រឹម ៦,៨ភាគរយនៅឆ្នាំ២០១៧នេះ ដោយសារការថមថយនូវការនាំចេញសម្លៀកបំពាក់ ការថមថយល្បឿននៃវិស័យសំណង់។
យោងតាមរបាយការណ៍ស្តពីបច្ចុប្បន្នភាព សេដ្ឋកិច្ចកម្ពុជាៈកម្ពុជាបោះជំហ៊ានឡើងខ្សែសង្វាក់តម្លៃក្នុងវិស័យកម្មន្តសាល ដែលបានចេញផ្សាយនាព្រឹកថ្ងៃទី២២ វិច្ឆិកានេះថា កំនើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៨ នឹងកើនឡើងដល់៦,៩ភាគរយធៀបនឹងឆ្នាំនេះ។ របាយការណ៍ដដែលបានលើកឡើងថា ទោះបីជាមានការថមថយនូវការនាំចេញសម្លៀកបំពាក់ក្តី ប៉ុន្តែវិស័យនាំចេញរបស់កម្ពុជាបានប៉ះប៉ូវដោយការនាំចេញម៉ាស៊ីន ឧបករណ៍គ្រឿងបន្លាស់អេឡិកត្រូនិក និងគ្រឿងបន្លាស់រថយន្ត ដែលទើបលេចរូបរាងកាលពីពេលថ្មីៗនេះ។