ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់កម្ពុជា-ចិននឹងអនុវត្តន៍អនុស្សរណៈយោគយល់គ្នា នៅក្នុងកិច្ចសហការ ដើម្បីបង្កើតមជ្ឍមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវវិស័យទឹកស្អាត ដោយប្រើប្រាស់គម្រោងថវិកានៃគោលនយោបាយ ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់រដ្ឋចិន។
លោកបណ្ឌិត Cai Yunlong តំណាងមកពីក្រុមហ៊ុន Shanghai Micro-Purification Co,Ltd បានថ្លែងលើកឡើងក្នុងជំនួបជាមួយលោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្មកាលពីម្សិលម៉ិញនេះថា បន្ទាប់ពីអនុស្សារណៈយោគយល់គ្នា ត្រូវបានចុះហត្ថលេខារួចកាលពីខែកក្កដា ឆ្នាំ២០១៧កន្លងទៅមក ភាគីទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងកំរិតបច្ចេកទេស ដើម្បីពន្លឿនកិច្ចការចាំបាច់មួយចំនួន ដែលមានចែងក្នុងអនុស្សារណៈ នៃការយោគយល់គ្នា រួមមានដូចជា ការខិតខំបញ្ចប់ពង្រាងបទដ្ឋានគុណភាពទឹក ការធ្វើវីដេអូក្លីបស្តីពី បញ្ហាទឹកកាត្រៀមបើកវគ្គបណ្តុះ បណ្តាលលើវិស័យទឹកស្អាត និងការត្រៀមបង្កើតមជ្ឈមណ្ឌលពិសោធន៍ លើវិស័យទឹកស្អាតជាដើម។
លោកបណ្ឌិតបន្តថា គោលបំណងនៃជំនួបពិភាក្សានេះដែរ គឺដើម្បីជម្រាបជូនពីវឌ្ឍនភាព នៃការអនុវត្តន៍អនុស្សារណៈយោគយល់គ្នា រវាងភាគីទាំងពីរកម្ពុជា-ចិន ក្នុងកិច្ចសហការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ដោយផ្តោតជាពិសេសទៅលើការបង្កើតមជ្ឍមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវវិស័យទឹកស្អាតកម្ពុជា-ចិន នៅក្នុងគម្រោងប្រើប្រាស់ថវិកា នៃគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់រដ្ឋាភិបាលចិនផងដែរ។
លោកស្រី យ៉ាង ម៉ីង សាស្ត្រាចារ្យនៃសភាវិទ្យាសាស្ត្រចិន និងជាអ្នកទទួលបន្ទុកជំនួយអនុវត្តគោល នយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់រដ្ឋចិនបានថ្លែងថា លោកនាយកនៃសភាវិទ្យាសាស្ត្រចិន បានបង្ហាញពីជំហរប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយបង្កើតមជ្ឍមណ្ឌលពិសោធន៍ទឹកស្អាត ធំមួយនៅរាជធានីភ្នំពេញ នឹងឈានទៅបង្កើតទៅដល់បណ្តាខេត្តទៀត ក្នុងនោះនៅខែមករា ដើមឆ្នាំក្រោយ លោកសាស្ត្រាចារ្យ នឹងមកទស្សនៈកិច្ចនៅកម្ពុជា ដើម្បីជួបពិភាក្សាការងារលម្អិត បន្ថែមទៀត។
លោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងអំណរគុណដល់ដៃគូចិន ដែលតែងតែបានជួយអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ៕