ដោយវុត្ថា
ព្រះសីហនុ: អភិបាលខេត្តព្រះសីហនុ លោក យន្ត មីនបានអះអាងថា នឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការកៀងគរ អ្នកវិនិយោគ អ្នកមានសមត្ថភាពឲ្យចាប់អារម្មណ៍ទឹកដីខេត្តព្រះសីហនុ និងជ្រើសខេត្តនេះជាគោដៅវិនិយោគដ៏សំខាន់ ដើម្បីធ្វើអោយខេត្តមួយនេះ ក្លាយទៅជាទីក្រុងដ៏ប្រណីត និងស៊ីវិល័យសំបូរសប្បាយ សុខសាន្តបំផុត នៅថ្ងៃអនាគត។

លោកអភិបាលបន្តថា រយៈពេល២ឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុបាននឹងកំពុងមានការអភិវឌ្ឍយ៉ាងគំហុក លើគ្រប់វិស័យ ពិសេសក្នុងវិស័យសំណង់ មានការសាងសង់អគារធំៗយ៉ាងព្រោងព្រាត ដែលមានវិនិយោគគិនខ្មែរ និងបរទេសមកបណ្តាក់ទុនរកស៊ីនៅខេត្តព្រះសីហនុ ដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។
-->
យោងតាមរបាយការណ៍ របស់អាជ្ញាធរខេត្តព្រះសីហនុបានបង្ហាញថា ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ រួមមានវិស័យសំណង់ វិស័យកសិកម្មមានរោងចក្រ និងសិប្បកម្មកែច្នៃផលនេសាទសមុទ្រ វិស័យឧស្សាហកម្មមានរោងចក្រកាត់ដេរ រោងចក្រចំរាញ់ប្រេងកាត និងវិស័យឧស្សាហកម្មទេសចរណ៍ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងតំបន់សេដ្ឋកិច្ចពិសេស។

របាយកាណ៍បានបង្ហាញទៀតថា បច្ចុប្បន្ននេះខេត្តព្រះស៊ីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ទីតាំង បាននិងកំពុងដំណើរការទី ១ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុពីវិនិយោគដោយក្រុមហ៊ុនហុងតូ(ប្រទេសចិន)ទី២តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ទី៣តំបន់សេដ្ឋកិច្ចពិសេសអាតវ៉ូត នៅស្រុកស្ទឹងហាវ និងទី៤ តំបន់សេដ្ឋកិច្ចពិសេស ចេជាងនៅស្រុកព្រៃនប់វិនិយោគដោយក្រុមហ៊ុនចិន ។
ចំណែកវិស័យសំណង់វិញពីមួយឆ្នាំទៅមួយឆ្នាំ វិស័យសំណង់ក្នុងខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើនដុះដាលយ៉ាងខ្លាំង ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សំណង់ខ្ពស់ខ្ពស់ បានលេចរូបរាងឡើងក្នុងឆ្នាំ ២០១៨នេះ រួមមាន សំណង់កំពស់ចាប់ពីកំពស់៥ ជាន់ដល់៣៥ជាន់មានចំនួន៧៦គម្រោង។ សំណង់កំពស់ចាប់ពី ៨ ជាន់ដល់៤២ ជាន់មានចំនួន១១គម្រោង។ សំណង់កំពស់ចាប់ពី១០ជាន់ដល់១៩ ជាន់មានចំនួន២៣គម្រោង។ សំណង់កំពស់ចាប់ពី២០ជាន់ដល់ ២៩ជាន់មាន៣គម្រោង និងសំណង់កំពស់ចាប់ពី៣០ជាន់ដល់ ៣៩ជាន់មានចំនួន២គម្រោង។
ខេត្តព្រះសីហនុបានក្លាយជាប៉ូលសេដ្ឋកិច្ចទ២របស់កម្ពុជា ដែលទទួលបានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ និងបានរួមចំណែកយ៉ាងសកម្ម ព្រមទាំងសម្រេចបាននូវទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដូចជា វិស័យឧស្សាហកម្មពាណិជ្ជកម្មកសិកម្មទេសចរណ៍ អប់រំ សុខាភិបាល បរិស្ថាន អភិវឌ្ឍន៍ជន បទហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ ហើយបានបង្កើតឱកាសការងារជូន ប្រជាពលរដ្ឋបានយ៉ាងច្រើន៕