Hattha top Banner

អង់គ្លេសចាប់អារម្មណ៍វិនិយោគលើគំរោងដឹកជញ្ជូនអ្នកដំណើរ ក្នុងទីក្រុង

0

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតអង់គ្លេសលោក Dominic Williamsបានដឹកនាំអ្នកជំនាញ និងក្រុមហ៊ុនអង់គ្លេសពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីពិភាក្សាការងារស្តីអំពី “ការលើកផែនការ និងការស្វែងរកហិរញ្ញប្បទាន សម្រាប់គម្រោងរថភ្លើងដឹកជញ្ជូនអ្នកដំណើរក្នុងទីក្រុង (Mass Rapid Transit – MRT)” ។

ក្រោមការរៀបចំរបស់ស្ថានឯកអគ្គរាជ ទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកតូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយមន្រ្តីពាក់ព័ន្ឋជាច្រើនទៀត។

ក្នុងកិច្ចប្រជុំកាលពីចុងសប្តាហ៍មុននេះ មានការអញ្ជើញចូលរួមពីសំណាក់ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានហិរញ្ញវត្ថុនានាពីប្រទេសអង់គ្លេស ក្រុមហ៊ុនវិនិយោគអន្តរជាតិនៃប្រទេសអង់គ្លេស អាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង នៃចក្រភពអង់គ្លេស នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន ARUP Group ដែលមានដូចជា៖ លោក Tai Chong Chew អ្នកដឹកនាំគម្រោងផ្លូវដែកសកល(Global Rail Leader) លោក Andy Hudgson អ្នកដឹកនាំផ្នែកប្រឹក្សាយោបល់ និងយុទ្ធសាស្រ្ត (Technical and Strategy Advisory Leader) លោក Gaurav Ahuja អ្នកដឹកនាំផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ទីប្រឹក្សា និងអ្នកឯកទេសគម្រោងភាពជាដៃគូរវាងរដ្ឋ និងផ្នែកឯកជន (Finance & Economics Leader, Advisory and PPP Specialist) លោក Neil Harvey នាយក និងអ្នកដឹកនាំការិយាល័យក្រុមហ៊ុនARUP ប្រចាំទីក្រុងហូជីមិញ (Director and Ho Chi Minh City Office Leader) និង លោក Thomas Zazworka វិស្វករជាន់ខ្ពស់ និងជាប្រធានការិយាល័យក្រុមហ៊ុនARUP ប្រចាំរាជធានីភ្នំពេញ (Senior Engineer & Phnom Penh Office Leader)។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាស ឱ្យភាគីពាក់ព័ន្ធ បានពិភាក្សាផ្លាស់ប្តូរយោបល់ជុំវិញ ទម្រង់ហិរញ្ញប្បទាន (Financial Model) សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ អង្គប្រជុំ បានការផ្តោតការពិភាក្សាទៅលើការងារផែនការ និងការស្វែងរកហិរញ្ញប្បទាន សម្រាប់គម្រោងរថភ្លើងដឹកជញ្ចូនអ្នកដំណើរ ក្នុងទីក្រុងភ្នំពេញ(Planning and Funding an MRT for Phnom Penh)។

លើសពីនេះទៅទៀត វាគ្មិនជំនាញពាក់ព័ន្ធក៏បានចែករំលែកបទពិសោធន៍ ដែលធ្លាប់បានឆ្លងកាត់ទាំងនៅក្នុងប្រទេសអង់គ្លេស និងនៅក្នុងតំបន់អាស៊ាន លើការងាររៀបចំផែនការគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិធីសាស្រ្តក្នុងការស្វែងរកហិរញ្ញប្បទាន ពីប្រភពដែលមានសក្តានុពលផ្សេងៗ ដោយរួមបញ្ចូលការវិនិយោគក្នុងទម្រង់ ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន (PPP) និងការវិនិយោគដោយផ្ទាល់ពីវិស័យឯកជនពីបរទេសផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here