សេដ្ឋវិទូ និងអ្នកជំនាញមើលឃើញសក្តានុពលអ្វីខ្លះពីខេត្តចំនួន៤ នាភូមិភាគពាយ័ព្យដែលក្លាយជាប៉ូលសេដ្ឋកិច្ចទី៤

0

ដោយៈ Property Area

ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែនបានសម្រេ​ចបង្កើតប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា គ្របដណ្ដប់លើខេត្តពោធិ៍សាត់ ខេត្ត​បាត់ដំបង ខេត្តបន្ទាយមានជ័យ និងប៉ៃលិន ដើម្បីផ្តោតលើការផលិត និងកែច្នៃផលិតផលកសិកម្មឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាព។

អ្នកជំនាញលើវិស័យនានាយល់ឃើញថា ការបង្កើតប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជាខាងលើនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានភាពល្អប្រសើរដោយ​សារខេត្តទាំងបួន មានសក្តានុពលលើវិស័យជាច្រើន។

ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស៊ី ជីនពីង ប្រធានាធិបតីចិនកាលពីថ្ងៃទី១០ កុម្ភៈ​កន្លងមកនេះ លោកប្រធានាធិបតីចិន បានបង្ហាញនូវគំនិតផ្តួចផ្តើម ក្នុងការអភិវឌ្ឍកសិកម្ម និងវារីវប្បកម្ម នៅតំបន់ជុំវិញបឹងទន្លេសាប ដើម្បីបង្កើតរបៀងមច្ឆជាតិ និងអង្ករនៅភាគពាយព្យរបស់កម្ពុជា។

លោកប្រធានាធិបតីចិនបានគាំទ្រ ដល់ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលកម្ពុជា ពិសេសការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ សៀមរាប និងតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់ក្រុងប៉ោយប៉ែត ខេត្ត​ប​ន្ទាយមានជ័យ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា កន្លងមកដ្ឋាភិបាលកម្ពុជា បានកំណត់ប៉ូលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជា៣ រួមមាន ខេត្តព្រះសីហនុ ជាក្បាលនាគ រាជធានីភ្នំពេញជាខ្លួននាគ និងភូមិភាគឥសាន្តជាកន្ទុយនាគ។

លោកឧកញ៉ាបានបន្តថា “ការកំណត់តំបន់ប៉ូលសេដ្ឋកិច្ចថ្មីមួយ​ ដែលមានចំនួន៤ ខេត្តនៅភូមិភាគពាយ័ព្យនៃប្រទេស ជាគោលដៅនិងទិសដៅនៃថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រោយវិបត្តិកូវីដ១៩ ដែលបានចាត់ទុកវិស័យក​សិកម្ម ជាវិស័យស្នូល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិបទ ដែលសង្គ្រាមអ៊ុយក្រែនរុស្ស៊ីនៅតែបន្ត”។

លោកញ៉ាលឹម ហេងបានលើកឡើងថា ការបង្កើតប៉ូលសេដ្ឋកិច្ចទី ៤ នេះគឺជាគោលដៅដ៏ត្រឹមត្រូវមួយ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយ​សារប្រទេសកម្ពុជា​យើងពឹងផ្អែកទៅលើវិស័យកសិកម្ម និងឈានដល់វិស័យកសិកឧស្សាហកម្ម ដែលទាមទារឲ្យមានការកែច្នៃផលិតផលសម្រាប់ការនាំចេញ ដើម្បីបង្កើនចំណូលថវិកាជាតិបន្ថែមទៀត។

លោកឧកញ៉ាយល់ថា “ប្រសិនបើប្រទេសកម្ពុជា អាចទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងវិនិយោគិនបរទេស កាន់តែច្រើនចូលរួមវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យកសិកម្មនេះបាន”។

លោកលើកឡើងថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគួរពិចារណា​​ ក្នុងការលើកលែងពន្ធផ្សេងៗ ដូចជា ពន្ធកាត់ទុក VAT ពន្ធនាំចេញ ដើម្បីលើកទឹកចិត្ត និងទាក់ទាញការវិនិយោគលើវិស័យនេះបន្ថែម។

អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈ បានបញ្ជាក់ថា ប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដែលគ្របដណ្តប់លើខេត្តចំនួន៤ ស្ថិតនៅទិសពាយ័ព្យប្រទេស ពិតជាមានប្រយោជន៍ច្រើន ចំពោះកម្ពុជា ព្រោះខេត្តជុំវិញបឹងទន្លេសាបនេះ ជាតំបន់អេកូដីសើម ដែលអាចធានាសន្តិសុខស្បៀងដ៏ធំធេង សម្រាប់ប្រទេសកម្ពុជានិងបណ្តាប្រទេ​សនានា។

លោកបណ្ឌិតមានប្រសាសន៍ថា “ប្រសិនបើអាចក្លាយជាការពិតដូចផែនការ នោះវានឹងក្លាយជាប៉ូលសេដ្ឋកិច្ច ដែលអាចធានាបាននូវកំណើន​​​​    រយៈពេលវែងបានផងដែរ”។

ចំណែក ខេត្តបាត់ដំបងបាន និងកំពុងតម្រង់ទិសការអភិវឌ្ឍឱ្យស្របតាមគោលគំនិតទីក្រុងវៃឆ្លាត ដោយបច្ចុប្បន្ន រដ្ឋបាលខេត្តដាក់ចេញនូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គឺគោលដៅអាទិភាព ហើយរដ្ឋបាលខេត្ត បាននិងកំពុងធ្វើកិច្ចការជាច្រើន ដូចជា ការកសាងផ្លូវ ជួសជុលផ្លូវ ការពង្រីកផ្លូវ ការស្តារប្រព័ន្ធលូក្រោមដី ប្រព័ន្ធរំដោះទឹកក្នុងក្រុង ការកសាងទីលានចាក់សំរាមរបស់ក្រុងជាដើម។ នេះបើយោងតាមការបញ្ជាក់របស់លោកសុខ លូ អភិបាលខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុនបរទេសជាច្រើនក៏បាន និងកំពុងសម្លឹងឱកាសវិនិយោគលើគ្រប់វិស័យ មិនថា ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរបស់ជប៉ុនមួយ បានលើកឡើងពីគម្រោង ដែលក្រុមហ៊ុនគ្រោងបោះទុនវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបង។

លោក សុខ លូ លើកឡើងថា ខេត្តបាត់ដំបងមានផ្ទៃដីធំទូលាយ ដែលបង្កលក្ខណៈងាយស្រួល ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលអាចបង្កើតជារោងចក្រផ្សេងៗ ពិសេសរោងចក្រកែច្នៃផលិតផលកសិកម្ម ព្រោះជាខេត្តកសិកម្ម ហើយផលិតផលកសិកម្មជាច្រើន មិនទាន់មានរោងចក្រកែច្នៃ វេចខ្ចប់បានល្អច្រើននោះទេ។

ជាមួយគ្នានេះ លោក ហេង តុងហៃ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការប្រកាសបង្កើតជាប៉ូលសេដ្ឋកិច្ច នៅក្នុងទិសពាយ័ព្យប្រទេស មិនត្រឹមតែជួយជំរុញ និងស្ដារឡើងវិញ នូវទីផ្សារអចលនទ្រព្យ នៅក្នុងខេត្តក្នុងតំបន់តែប៉ុណ្ណោះទេ តែក៏ជំរុញឲ្យមានការអភិវឌ្ឍលើវិស័យផ្សេងៗទៀត ដូចជា ពាណិជ្ជកម្មរវាងប្រទស កសិកម្ម និងទេសចរណ៍ជាដើម។

ជាមួយគ្នានេះ លោកស៊ា សុផល ទីប្រឹក្សាក្រុមហ៊ុនKW ប្រចាំខេត្តសៀមរាបបានមានប្រសាសន៍ថា ការប្រកាសអំពីគម្រោងបង្កើតប៉ូលសេដ្ឋកិច្ចទិសពាយ័ព្យ គឺជាចលករមួយដ៏ល្អ ដែលនឹងជំរុញទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគិនមកកាន់ខេត្តសៀមរាប និងខេត្តជុំវិញ។ នៅពេលទីផ្សារទេសចរណ៍ និងអចលនទ្រព្យមានភាពល្អប្រសើរ នោះស្ថានភាពទីផ្សារផ្សេងៗទៀត នឹងមានភាពល្អប្រសើរតាមនោះដែរ។

លោកឧកញ៉ាលឹម ហេងបានបន្តថា ប៉ូលសេដ្ឋកិច្ចមិនសំដៅដល់តែការអភិវឌ្ឍវិស៧យកសិកម្មប៉ុណ្ណោះទេ​ តែជាការជម្រុញការរីកចម្រើនលើវិស័យជាច្រើនទៀតដូចជាទេសចរណ៍ សេវាកម្ម ឧស្សាហកម្ម ពាណិជ្ជកម្មនិងវិស័យជាច្រើនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here