អភិបាលខេត្តព្រះសីហនុ លើកឡើងពីបច្ចុប្បន្នភាពសំណង់អគារផ្អាកទាំងស្រុងនៅខេត្តព្រះសីហនុ

0

   ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ បញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ មកដល់ពេលនេះ នៅតែជាកត្តាប្រឈមនិងកង្វល់មួយ ចំពោះរាជរដ្ឋាភិបាល ដោយក្នុងចំណោមអគារទាំងអស់ ក្នុងខេត្តសមុទ្រមួយនេះ អគារជាប់គាំងទាំងស្រុងមានចំនួនសរុប៣៥៩អគារ ។ នេះបើតាមលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ឋផលរយៈពេល៥ឆ្នាំរបស់ខេត្តនៅព្រឹកថ្ងៃទី១៥ កុម្ភៈ ២០២៣នេះ។

លោកបានមានប្រសាសន៍ឱ្យដឹងថា ខេត្តព្រះសីហនុ ជាខេត្តមួយដែ​លមានការចាប់អារម្មណ៍ ពីមហាជនជាច្រើនទៅលើអគារខ្ពស់ៗ ក្នុងរយៈពេលចុងក្រោយនេះ ។ ក្នុងចំណោមអគារជាង១០០០អគារ មកដល់ពេលនេះ អគារដែលបានផ្អាកការសាងសង់ទាំងស្រុង មានចំនួន៣៥៩អគារ ហើយបន្ទាប់ពីស្ថានភាពកូវីដ១៩បានរើបឡើងវិញ អគារដែលកំពុងដំណើរការសាងសង់ឡើងវិញមានចំនួន៨៩អគារ ។

លោកបន្តថា “អគារដែលបានសាងសង់រួចហើយ តែមិនដំណើរការមានចំនួន២៥៥អគារ និងអគារដែលសាងសង់រួច និងកំពុងដំណើរការនាពេលបច្ចុប្បន្នមានចំនួន៣០៣អគារ”។ លោកបន្តថា “អគារដែលសាងសង់រួច និងកំពុងដំណើរការនេះដែរបាន និងកំពុងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា បម្រើការក្នុងអគារនោះជាច្រើននាក់ផងដែរ ។

លោកគួច ចំរើនបានបន្តទៀតថា សម្រាប់អគារដែលបានសាងសង់រួចហើយតែមិនដំណើរការ ក៏កំពុងត្រូវយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល ដោយសម្ដេចតេជោបានប្រគល់តួនាទី ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរកវិធីធ្វើយ៉ាងណាដោះស្រាយ បញ្ហាអគារជាប់គាំងទាំងនេះ ដោយមកដលបច្ចុប្បន្ននេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំក្រុមការងារគោលនយោបាយ ដើម្បីដោះស្រាយសំណង់ជាប់គាំង ដែលគោលនយោបាយនេះដែរ ក៏បាននិងកំពុងដំណើរការជាបន្តបន្ទាប់ដែរ ។

ក្រុមការងារមិនត្រឹមតែជំរុញឱ្យអគារសាងសង់រួច មិនដំណើរការបន្តដំណើរការនោះទេ តែក៏ដោះស្រាយរាល់សំណង់អគារ ជាប់គាំងទាំងឡាយក្នុងខេត្តព្រះសីហនុឱ្យបន្តដំណើរការដូចគ្នា ។

លោកជា កុកហុង ប្រធានលេខាធិការដ្ឋានសម្របសម្រួលរៀបចំផែនកា​រមេខេត្តព្រះសីហនុ បានមានប្រសាសន៍នៅក្នុងវេទិកាសាធារណមួយកាលពីពេលកន្លងទៅនេះឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមការងារបាននិងកំពុងទាក់ទងវិនិយោគិនថ្មីៗ ដើម្បីឱ្យចូលទៅអភិវឌ្ឍន៍ នៅក្នុងខេត្តព្រះសីហនុដោយរាជរដ្ឋាភិបាល នឹងលើកទឹកចិត្តផ្នែកពន្ធដល់វិនិយោគិន ដែលចូលទៅបន្តអភិវឌ្ឍន៍អគារជាប់គាំងទាំងនោះ។

ជាមួយគ្នានេះ លោកឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុបានមាន​ប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ក្រុមការងារដោះស្រាយបញ្ហាអគារជាប់គាំងនៅក្រុងព្រះសីហនុ នឹងរៀបចំបែងចែកហ្សូននិមួយៗ ដើម្បីឲ្យការងារនេះស្រួលរៀបចំដោះស្រាយ ដែលហ្សូនមួយចំនួននឹងរៀបចំជាតំបន់លំនៅដ្ឋានតម្លៃសមរម្យ ហ្សូនផ្សេងទៀតនឹងរៀបចំជាសណ្ឋាគារ ផ្ទះ សំណាក់ មន្ទីរពេទ្យ ជាដើម និងហ្សូនកណ្តាលទីក្រុងនឹងរៀប ចំតាមស្ថានភាពជាក់ស្តែង។

លោកបន្តថា “ការងារនេះពិតជាមានសភាពស្មុគ្រស្មាញណាស់ ហេតុនេះទើបយើងគោះទ្វាររដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហានេះ”។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុតបានថ្លែងថា ការសាងសង់សំណង់ ដែលមិនបានសិក្សាពីផែនការ និងទីផ្សារម្ចាស់លាស់ បានធ្វើឲ្យមានការលំបាក និងបន្ទុកធ្លាក់លើរដ្ឋាភិបាលចូលរួមដោះស្រាយ ដែលនេះជាការងារទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ព្រោះយើងយកលុយរដ្ឋទៅដោះស្រាយ គឺជាលុយបានពីការបង់ពន្ឋរបស់ប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here