ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ចាប់តាំងពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងអស់រយជាង១ឆ្នាំមកហើយនោះ បានធ្វើឱ្យសេដ្ឋកិច្ចសកលមានភាពមិនច្បាស់លាស់ ក្នុងនោះការឡើងថ្លៃប្រេងឥន្ធនៈ និងថាមពលនៅលើទីផ្សារអន្តរជាតិ ក៏ជាបញ្ហាចម្បងមួយសម្រាប់ប្រទេសនានា លើពិភពលោកផងដែរ។
សម្រាប់ឆ្នាំ ២០២៣នេះ កម្ពុជាបានត្រៀមថវិការាប់រយលានដុល្លារសម្រាប់ទប់ទល់ នឹងកើនឡើងនៃតម្លៃថាមពល ខណៈឆ្នាំ២០២២កន្លងទៅកម្ពុជាបានខាតបង់ថវិកាច្រើនលានដុល្លាររួចហើយ។
លោកយឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានមានប្រសាសន៍ក្នុងសន្និបាតបូកសរុបការងារ របស់អាជ្ញាធរអគ្គិសនីកាលពីថ្ងៃទី១៥ កុម្ភៈ ២០២៣ ឱ្យដឹងថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យប្រេងឥន្ធនៈមានការឡើងថ្លៃខ្ពស់ ក្នុងនោះថាមពលដែលកម្ពុជា កំពុងប្រើប្រាស់ក៏មួយចំនួនបានមកពីឥន្ធនៈដែរ ដែលធ្វើឱ្យតម្លៃថាមពលត្រូវឡើងថ្លៃ។
លោកបន្តថា “បើទោះបីជាតម្លៃឥន្ធនៈមានការឡើងថ្លៃក្ដី តែដើម្បីជួយដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ថាមពលក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលមិនបានដំឡើងថ្លៃថាមពលនោះទេ ផ្ទុយទៅវិញរាជរដ្ឋាភិបាលបានចំណាយថវិកាកាលពីឆ្នាំ២០២២ អស់ប្រមាណជាង២០០លានដុល្លារអាមេរិកក្នុងការចេញថ្លៃខាតលើថាមពលជំនួសពលរដ្ឋ”។
លោកយឹម វិសិដ្ឋបានបន្ថែមថា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានត្រៀមថវិការាប់រយលានដុល្លារអាមេរិក ដើម្បីទប់ទប់នឹងកើនឡើងថ្លៃថាមពលសកលនេះ ពីព្រោះថាថាមពលដែលកម្ពុជានាំចូលពីប្រទេសថៃ និងវៀតណាមគេបានឡើងថ្លៃរួចហើយ តែពេលនាំចូលមកនិងលក់ជូនពលរដ្ឋខាងរដ្ឋាភិបាលមិនបានដំឡើងថ្លៃនោះទេ គឺរក្សាតម្លៃនៅដដែល។
លោកវិសិដ្ឋបានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ យើងមិនទាន់ដឹងថានឹងខាតប៉ុន្មាននោះទេ ប៉ុន្តែវានឹងខាតជាងឆ្នាំ២០២២ទៅទៀត ពីព្រោះជាក់ស្ដែងការប្រើប្រាស់ថាមពល មានការកើនឡើងជាងឆ្នាំមុន ស្របនឹងសេដ្ឋកិច្ចកម្ពុជាមានដំណើរការឡើងវិញ បណ្ដាសកម្មភាព ដូចជាសំណង់ ឧស្សាហកម្មនានា ក៏នឹងមានសកម្មភាពខ្លាំងជាងឆ្នាំមុន។ ដូច្នេះបរិមាណនៃការប្រើប្រាស់ថាមពល ក៏នឹងច្រើនជាងឆ្នាំមុន ដែលធ្វើឱ្យការខាតបង់ថវិកាក៏នឹងច្រើនជាងមុនដែរ។

លោបញ្ជាក់ថា “បច្ចុប្បន្ននេះកម្ពុជាបានផលិតថាមពល ក្នុងស្រុកបានប្រមាណជា៨០ភាគរយ នៃតម្រូវការសរុបហើយ ដូច្នេះការនាំចូលពីប្រទេសជិតខាង មានតែប្រមាណជា២០ភាគរយប៉ុណ្ណោះ ដោយបាននាំចូលពីប្រទសឡាវ វៀតណាម និងប្រទេសថៃ”។
ជាមួយគ្នានេះ លោកទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ក៏បានមានប្រសាសន៍ថា មកបច្ចុប្បន្ននេះ ការតបណ្ដាញអគ្គិសនីផ្គត់ផ្គង់ទូទាំងប្រទេសកម្ពុជា សម្រេចបានជិតអស់ហើយ ដោយនៅភូមិប្រមាណជា២៤៥ភូមិទៀត ក្នុងចំណោម១៤.១៦៨ភូមិ មិនទាន់មានបណ្ដាញអគ្គិសចូលទៅដល់ ។
លោកបន្តថា “ក្នុងឆ្នាំ២០២៣នេះ យើងនឹងតបណ្ដាញទៅកាន់ភូមិឱ្យបានជាងលើសពី១០០ភូមិទៀត”៕