ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តលូកដៃ ចូលជួយការងារក្នុងវិស័យសំណង់តាមរយៈជំនួយជាង១ដុល្លារអាមេរិក សម្រាប់គម្រោងសុវត្ថិភាពផ្នែកសំណង់នៅកម្ពុជា ដោយនឹងរួមចំណែកជួយដល់កម្មករ ផ្នែកសំណង់កាត់បន្ថយគ្រោះថ្នាក់ការងារ។
មានប្រសាសន៍ប្រាប់អ្នកសារព័តមានក្រោយជំនួបពិភាក្សាការងារ រវាងលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកសូ ស៊ូដូ (Sho Sudo) មន្ដ្រីសម្របសម្រួល និងជាប្រធានទីប្រឹក្សាបច្ចេកទេសនៃគម្រោង “ការលើកកម្ពស់ស្ដង់ដាសុខភាពនិងសុវត្ថិភាពការងារ (OSH) ក្នុងវិស័យសំណង់នៅកម្ពុជា លោកឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ដោយមើលឃើញពីហានិភ័យលើវិស័យសំណង់ ទើបរដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ជំនួយនេះ ដែលនឹងផ្តល់ជាវគ្គបណ្តុះបណ្តាល ដល់កម្មករឲ្យបានយល់អំពីសុវត្ថិភាពសំណង់ និងផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីអធិការកិច្ច ដែលដើរតួនាទីជាអ្នកអនុវត្តន៍ច្បាប់ ក្នុងការជំរុញការអនុវត្តច្បាប់លើផ្នែកសុវត្ថិភាពសំណង់ផងដែរ ដើម្បីឲ្យគាត់ស្វែងយល់អំពីសុវត្ថិភាពនេះឲ្យជួយដល់ការដ្ឋានសំណង់។