ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន A2A Town Cambodia ដែលបាននិងកំពុងវិនិយោគទឹកប្រាក់រាប់រយលានដុល្លារ នៅរំណីយដ្ឋាន Vkirirom បាននិងកំពុងត្រៀមរៀបចំព្រឹត្តិការណ៍បោះតង់ដ៏ធំនៅចុងសប្តាហ៍នេះ ដើម្បីបង្ហាញពីគម្រោងវិនិយោគ និងផ្តល់ឳកាសឲ្យអ្នកចូលរួមបង្កើតទំនាក់ទំនងគ្នា លើផ្នែកជំនួញរបស់ពួកគេ។
លោក ហ៊ិន សុជាតិ នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន A2A Town Cambodia Co, Ltd បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ វិច្ឆិកានេះថា កម្មវិធីនៃការបោះជំរុំនេះ នឹងចាប់ផ្តើមនៅថ្ងៃទី២៤ដល់២៥ វិច្ឆិកាខាងមុខនេះ ដោយក្រុមហ៊ុនបានអញ្ជើញ ថ្នាក់ដឹកនាំក្រុមហ៊ុននានាជាច្រើន ដើម្បីចូលរួមក្នុងព្រឹត្តិការដែលមានឈ្មោះថា Crazy Hill Camping Party។លោកបន្តថា A2A Town Cambodia បានរៀបចំទីកន្លែងបោះតង់មួយ មានផ្ទៃដីទំហំដី៨ហិកតា ដែលអាចដាក់មនុស្សចូលសម្រាកបានចន្លោះពី៨០០ទៅ៤០០០នាក់។
-->
លោកបន្តថា “ការបង្កើតកម្មវិធីនេះ ក៏ដើម្បីផ្តល់ឳកាសឲ្យអ្នកដឹកនាំក្នុងវិស័យជំនួញនានាអាចចែករំលែក និងភ្ជាប់បណ្តាញគ្នាទៅវិញទៅមក ដើម្បីបណ្តាញ ទំនួញរបស់ខ្លួនផងដែរ។លោកបន្តថា “Crazy Hill Camping Party នឹងផ្តល់ការលក់ជាកញ្ចប់កម្សាន្ត ដល់អ្នកដែលមានបំណងទៅកំសាន្តនៅរមណីយដ្ឋាននេះនាពេលណាមួយ តាមពេលវេលាជាក់ស្តែងរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ការបង្កើត Crazy Hill Camping នេះ ដើម្បីផ្តល់ជំរើសដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអាចរៀបចំកម្មវិធីកំសាន្តរហូតដល់យប់ជ្រៅ ដូចជាការរាំរែក ការបោះជំរុំ ការប្រគុំតន្ត្រី ក៏ដូចជាការរាំកំសាន្តជាដើម។ កន្លងមកមានភ្ញៀវតិទៀនពី រមណីយដ្ឋាននេះ មានភាពស្ងប់ស្ងាត់នាពេលរាត្រី និងមានអ្នកខ្លះទៀតតិទៀនពីការរំខានរបស់ភ្ញៀវ តាមរយៈការបំពងសម្លេងនានា ដោយមើលឃើញបញ្ហានេះ ទើបក្រុមហ៊ុនសម្រេចបង្កើតកន្លែងកំសាន្តដាច់ពីគ្នា និងអាចបំពេញចិត្តអតិថិជនបានគ្រប់ស្រទាប់។ លោកហ៊ិន សុជាតិបញ្ជាក់ឲ្យដឹង។
លោកបន្តថា រហូតមកទល់ពេលនេះ មានថ្នាក់ដឹកនាំក្រុមហ៊ុននានាបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះជិត១០០នាក់ហើយ។ អ្នកចូលរួមព្រឹត្តិការណ៍នេះ នឹងផ្តល់តង់ស្នាក់នៅ អាហារពេលព្រឹក និងអាហារពេលរាត្រីជូនដោយឥតគិតថ្លៃ៕