ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនអាមេរិកធំៗចំនួន៦ បានសន្យាថា នឹងទាក់ទាញអ្នកវិនិយោគទុនអាមេរិក ឱ្យបានច្រើនថែមទៀត សម្រាប់ចូលរួមជួយអភិវឌ្ឍវិស័យសារធារណការ និងដឹកជញ្ជូនកម្ពុជា ឱ្យកាន់តែខ្លាំងដើម្បីដើរឱ្យទាន់តម្រូវការសង្គម-សេដ្ឋកិច្ច ដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន។
ការសន្យានេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិច-អាស៊ាន(US-ASEANBusiness Council – US-ABC) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងមកនេះ។
ក្រុមហ៊ុនធំៗចំនួន៦នេះ គឺជាសមាជិកនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិច-អាស៊ាន (US-ASEAN Business Council–US-ABC)រួមមាន៖ ក្រុមហ៊ុន ConocoPhillips, ក្រុមហ៊ុន Ford,ក្រុមហ៊ុន RMA Group, ក្រុមហ៊ុន Pfizer,ក្រុមហ៊ុន Visa និងក្រុមហ៊ុន Vriens& Partners។
លោក ស៊ុន ចាន់ថុលបានមានប្រសាសន៍ឱ្យដឹងថា ជំនួបនេះដើម្បីពិភាក្សាការងារសំដៅឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ពិសេសវិស័យដឹកជញ្ជូន និងសាធារណការឱ្យកាន់តែមានភាពល្អប្រសើរឡើង។
លោកបានបន្តថា “ជំនួបពិភាក្សានេះ ចង់ស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពពាណិជ្ជកម្ម-វិនិយោគនៅក្នុងតំបន់អាស៊ាន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខ សំដៅចូលរួមចំណែក ក្នុងការស្ថារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ១៩ ក៏ដូចជា គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍរបស់កម្ពុជា ពិសេសបង្ហាញនូវការគាំទ្រ របស់សហគមន៍អ្នកជំនួញអាមេរិក សម្រាប់ការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាផងដែរ។
លោកបន្ថែមថា “ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងភ័ស្តុភារកម្ម នៅតែជាយុទ្ធសាស្ត្រចម្បង របស់រាជរដ្ឋាភិបាលកម្ពុជាដែលយកចិត្តទុកដាក់ខ្លាំងក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ”។
ជាក់ស្តែង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលកំពុងបើកដំណើរការ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ -បាវិតក៏គ្រោងនឹងបើកការដ្ឋាន នៅពាក់កណ្តាលឆ្នាំ២០២៣ ខណៈគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ក៏បានរៀបចំសិក្សា ព្រមទាំងគម្រោងលើកកម្រិតផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ក៏កំពុងស្វែងរកដៃគូវិនិយោគលើកិច្ចការងារនេះថែមទៀត។

លោកស៊ុន ចាន់ថុលបានបន្តថា គម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត កែប ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ ដែលកំពុងត្រូវការដៃគូអភិវឌ្ឍន៍ធ្វើ ឱ្យលេចចេញជារូបរាងផងដែរ។
ឆ្លៀតឱកាសនោះ លោកស៊ុន ចាន់ថុល ក៏បានស្នើឱ្យប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក- អាស៊ាន ជួយពិនិត្យលទ្ធភាពក្នុងការចាត់ អ្នកជំនាញការមកធ្វើបទបង្ហាញដោយផ្ទាល់ ឬតាមប្រព័ន្ធOnline ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍លើការកសាង សមត្ថភាពរបស់មន្ត្រីរាជការក្រសួង។ ជាពិសេសមន្ត្រីជំនាញបច្ចេកទេស ទាក់ទងនឹងភាពជាអ្នកដឹកនាំក៏ដូចជាជំនាញបច្ចេកទេសផ្សេងៗ ដើម្បីជួយឱ្យពួកគាត់អាចបំពេញការងាររបស់ខ្លួន កាន់តែមានប្រសិទ្ធភាពថែមទៀត និងចែកជូនទៅនិស្សិតនៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនចំណេះដឹង និងបណ្តុះផ្នត់គំនិតល្អៗបន្ថែម។
ជាការឆ្លើយតប លោក Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ និងសមាជិក US-ABCបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័នដឹកជញ្ជូន។
លោកMichael W. Michalak ដែលជាតំណាងឱ្យក្រុមហ៊ុនធំៗចំនួន៦ នេះ ក៏បានសន្យាជំរុញឱ្យក្រុមហ៊ុន ក៏ដូចជាវិនិយោគិនរបស់អាមេរិកមកដាក់ទុនវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែច្រើន ដើម្បីផ្ទេរក៏ដូចជាចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនថែមទៀត។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានតម្លៃខ្ពស់លើទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងឆ្នាំ២០២១ទោះបីប្រឈមនឹងជំងឺកូវីដ១៩ក៏ដោយ៕