ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធានអង្គភាពអាជីវកម្មក្នុងតំបន់ ដ៏មានឥទ្ធិពលមួយរូបបានមានប្រសាសន៍ថា តំបន់អាស៊ីអាគ្នេយ៍គឺជា “ប្រទេសចិនថ្មី”ហើយគួរតែជាមជ្ឈមណ្ឌល នៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
នៅក្នុងបទសម្ភាសន៍មួយ លោក Arsjad Rasjid ប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) បានអះអាងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ដែលមានសមាជិកទាំង១០គួរតែក្លាយជា “ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពិភពលោក”។
លោក Arsjad បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារពត៌មាន Al Jazeera កាលពីសប្តាហ៍មុនថា “អាស៊ានគួរតែជាខ្សែសង្វាក់ផ្គត់ផ្គង់របស់ពិភពលោក ហើយប្រទេសចិនថ្មីគឺអាស៊ាន”។
លោក Arsjad ដែលដឹកនាំសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូនេស៊ី បានបន្តថា “ប្លុកនេះកំពុងស្ថិតនៅលើផ្លូវ ដើម្បីឆ្ពោះយកដំណែងរបស់ប្រទេសចិន ដោយសារតែធនធានដ៏សម្បូរបែបរបស់តំបន់ដូចជានីកែល និងរ៉ែសំខាន់ៗផ្សេងទៀត”។
លោក Arsjad បានស្ថិតនៅទីក្រុង Kuala Lumpur ដើម្បីជួបជាមួយមន្ត្រីរដ្ឋាភិបាល និងមេដឹកនាំអាជីវកម្មបានអះអាងថា “បណ្តាប្រទេសនៅតំបន់អាស៊ាន ក៏មានស្បៀងអាហារ និងកសិកម្មផងដែរ”។
ការអត្ថាធិប្បាយនេះបានកើតឡើង ស្របពេលដែលក្រុមហ៊ុនចិន ជាពិសេសវិស័យសំខាន់ៗ ដូចជាបន្ទះឈីបកម្រិតខ្ពស់ ប្រឈមមុខនឹងការរឹតបន្តឹង ដោយប្រទេសលោកខាងលិច ចំពេលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដ៏ក្តៅគគុករវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។

ភាពតានតឹងទាំងនេះ បានជំរុញឱ្យក្រុមហ៊ុនឧស្សាហកម្មខ្នាតយក្សដូចជា ក្រុមហ៊ុន Apple ក្រុមហ៊ុន Google និងក្រុមហ៊ុន Samsung ស្វែងរកមូលដ្ឋានថ្មី សម្រាប់ការផលិតនៅខាងក្រៅប្រទេសចិន ជាពិសេសនៅវៀតណាម។
ឥណ្ឌូនេស៊ីជាប្រទេសមានទុនបម្រុងនីកែល ធំជាងគេបំផុតរបស់ពិភពលោកចំនួន២១លានតោន ដែលស្មើនឹងជិត១/៤នៃចំនួនសរុបទូទាំងពិភពលោក។ នេះបើតាមទិន្នន័យពីការស្ទាបស្ទង់ ភូមិសាស្ត្រអាមេរិក។
ចំណែកឯ ប្រទេសហ្វីលីពីន មានទុនបំរុងនីកែលធំជាងគេបំផុតទី៤ចំនួន៤,៨លានតោន។ នីកែល គឺជាធាតុសំខាន់មួយនៅក្នុងការផលិតដែកអ៊ីណុក ឧបករណ៍អេឡិចត្រូនិក និងយានជំនិះដើរដោយថាមពលអគ្គិសនី។
ប្រទេសឥណ្ឌូនេស៊ី រួមជាមួយនឹងប្រទេសថៃ និងវៀតណាម មានមហិច្ឆិតា ក្លាយជាតួអង្គសំខាន់ក្នុងខ្សែ សង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី ដោយប្រើប្រាស់ទុនបម្រុងនីកែលដ៏ធំរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគ។
ទោះបីជាតំបន់អាស៊ីអាគ្នេយ៍ កំពុងប្រកួតប្រជែងជាមួយប្រទេសចិន ដែលជាបេះដូងនៃខ្សែសង្វាក់ផ្គត់ផ្គង់សកលក្តី ប៉ុន្តែក្រុមហ៊ុនក្នុងតំបន់នៅតែមានឆន្ទៈ ក្នុងការបំពេញបន្ថែម និងធ្វើការរួមគ្នាជាមួយប្រទេសចិន។
លោក Yose Rizal Damuri នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតា បានមានប្រសាសន៍ថា “អាស៊ានមានធនធាន ដែលត្រូវធ្វើជាស្នូលនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក”។
លោក Fithra Faisal សេដ្ឋវិទូប្រចាំនៅសកលវិទ្យាល័យឥណ្ឌូនេស៊ីបានអះអាងថា “ការផ្លាស់ប្តូររបស់ប្រទេសចិនទៅកាន់ផលិតកម្មកម្រិតខ្ពស់ បានបង្កើតឱកាស សម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលមានតម្លៃពលកម្មទាប”។
លោក Fithra Faisal បានបន្តថា “ឥឡូវនេះ ប្រទេសចិនបានបន្សល់ទុកនូវ ដំណាក់កាលផលិតកម្មកម្រិតមធ្យម និងទាប ហើយបណ្តាប្រទេសអាស៊ានភាគច្រើន នឹងបំពេញចន្លោះប្រហោងទាំងនោះ”។
លោក Fithra បានបញ្ជាក់ថា “ការលេចធ្លាយចេញពីផលិតកម្មទំនើបរបស់ចិន អាចជួយដល់បណ្តាប្រទេស នៅតំបន់អាស៊ានក្នុងការបង្កើតបណ្តាញផលិតកម្មផ្ទាល់ខ្លួនរបស់ពួកគេ”។
លោកបានបន្ថែមថា “អាស៊ាននឹងក្លាយជាខ្សែ សង្វាក់ផលិតកម្ម និងបណ្តាញដ៏សំខាន់ជាងនេះ នៅក្នុងពិភពលោកនៅក្នុងរយៈពេល២០ ឬ៣០ឆ្នាំខាងមុខ”៕