ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបើកពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធឡើងនៅសួនច្បារស្ទឹងសែន ក្នុងខេត្តកំពង់ធំនាល្ងាចថ្ងៃទី៩ មិនានេះ។
ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត” (Our River for Now and Next)។
ពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រ នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់ តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។
ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍បុណ្យទន្លេ ក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម និងការបង្កើតនិងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) និងសហគមន៍ទេសចរណ៍ តាមដងទន្លេជាដើម។
ប្រធានបទបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត” គឺពិតជាសមស្របសម្រាប់បរិបទបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍ តំបន់តាមដងទន្លេ ជាពិសេសការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍ សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ប្រជាពលរដ្ឋមូលដ្ឋាន ធានាបាននូវការអភិវឌ្ឍទាំងសម្រាប់បច្ចុប្បន្ន និងទៅអនាគត។
ការរៀបចំពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំនេះ មានលក្ខណៈកាន់តែវិសេសវិសាល ដោយសារខេត្តកំពង់ធំស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា មានព្រំប្រទល់ដ៏វែងជាប់បឹងទន្លេសាប មានតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីឆ្នាំ២០១៧ ជាខេត្តជង្រុកស្រូវដ៏សំខាន់របស់កម្ពុជា ជាអតីតរាជធានីឦសានបុរៈសតវត្សរ៍ទី៧ នាសម័យចេនឡា និងមានរឿងរាវប្រវត្តិសាស្ត្របង្កប់ទុកជាច្រើន រួមជាមួយតំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្រជាច្រើនទៀត។

ក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ធំនេះ ក៏មានការតាំងពិព័រណ៍សមិទ្ធផលមហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ សរុបចំនួន៣០០ស្តង់។
ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្យអស់លទ្ធភាព នៃវិស័យទេស ចរណ៍ដែលត្រូវបានចាត់ទុកជាការនាំចេញនៅនឹងកន្លែង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើត ឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍៕