ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសថៃ និងចិនស្ថិតក្នុងចំណោមចំណុចភ្លឺតែមួយគត់នៅតំបន់អាស៊ី ដែលត្រូវបានព្យាករណ៍ថា នឹងមានកំណើន GDP ពិតប្រាកដខ្ពស់នៅឆ្នាំនេះ ទោះជាតំបន់ផ្សេងទៀតត្រូវបានវាយលុកដោយស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនអំណោយផល និងភាពតានតឹងភូមិសាស្ត្រនយោបាយយ៉ាងណាក្តី។
នេះបើយោងតាមក្រុមហ៊ុនធានារ៉ាប់រងពាណិជ្ជកម្មពិភពលោក Atradius ។
យោងតាមរបាយការណ៍“Regional Economic Outlook Asia”ដែលបានចេញផ្សាយនាថ្មីៗនេះរបស់ក្រុមហ៊ុនធានារ៉ាប់រង Atradius បានចង្អុលបង្ហាញថា “ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់គឺបាត់បង់សន្ទុះយ៉ាងច្បាស់ ដោយសារតែស្ថានភាពហិរញ្ញវត្ថុកាន់តែតឹងតែង អតិផរណា បរិយាកាសសេដ្ឋកិច្ចពិភពលោកចុះខ្សោយ និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ”។
ក្រុមហ៊ុន Atradius បានកត់សម្គាល់ថា “ខណៈប្រទេសចិន និងថៃត្រូវបានគេរំពឹងថា នឹងប្រកាសកំណើនពីមួយឆ្នាំទៅមួយឆ្នាំកាន់តែខ្ពស់នៅឆ្នាំ២០២៣ រីឯសេដ្ឋកិច្ចនៅក្នុងតំបន់ផ្សេងទៀតត្រូវបានគេប៉ាន់ប្រមាណថា នឹងបោះជំហានថយក្រោយ ខណៈពួកគេព្យាយាមដោះស្រាយលក្ខខណ្ឌហិរញ្ញវត្ថុដ៏តឹងតែង និងភាពខ្សោយនៃតម្រូវការខាងក្រៅ”។
លោក Bert Burger សេដ្ឋវិទូប្រចាំនៅក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Amsterdam មួយនេះ បានអះអាងថា “សេដ្ឋកិច្ចអាស៊ីកំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកកំណើនតិចតួចនៅឆ្នាំនេះ”។
លោកបានបន្តថា “កំណើនសេដ្ឋកិច្ចនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូងនឹងត្រូវបានបិទនៅត្រឹ០,៧% និង០,៨% រៀងៗគ្នា ខណៈអត្រាអតិផរណាដ៏ខ្ពស់អាចកាត់បន្ថយការស្ទុះងើបឡើងវិញរបស់ពួកគេ”។
ប្រទេសឥណ្ឌាត្រូវបានកំណត់ថា ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅតំបន់អាស៊ីក្នុងឆ្នាំនេះ និងឆ្នាំក្រោយ ក្នុងរង្វង់កំណើន៨ភាគរយ និង៦,៨ភាគរយ រៀងៗគ្នា ដោយសារសេដ្ឋកិច្ចក្នុងស្រុករុឹងមាំ និងការកែលម្អបរិយាកាសអាជីវកម្ម។

លោក Burger បានអះអាងថា “ជាមួយនឹងសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុដ៏រុឹងមាំរបស់ពួកគេ ទីផ្សារដែលកំពុងរីកចម្រើនធំជាងគេទាំង៥នៅតំបន់អាស៊ីអាគ្នេយ៍នៅតែមានភាពធន់នឹងវិបត្តិខាងក្រៅនាពេលថ្មីៗនេះ ដែលអាចនាំឱ្យពួកគេទទួលបានអត្ថប្រយោជន៍ពីនិន្នាការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក”។
ប្រទេសហ្វីលីពីននឹងមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងតំបន់ក្នុងអត្រា៤,១ភាគរយ តាមពីក្រោយដោយប្រទេសថៃ និងវៀតណាមក្នុងរង្វង់៤ភាគរយ ខណៈឥណ្ឌូណេស៊ីនឹងក្លាយជាប្រទេសមានកំណើនសេដ្ឋកិច្ចយឺតយ៉ាវក្នុងអត្រា៣,៦ភាគរយនៅឆ្នាំ២០២៣នេះ។
ចំណែកនៅក្នុងប្រទេសចិន តម្រូវការនាំចេញទន់ខ្សោយពីប្រទេសអភិវឌ្ឍន៍ និងវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាក ត្រូវបានគេរំពឹងថា នឹងកំណត់កំណើនសេដ្ឋកិច្ចចិនមិនខ្ពស់ជាង៤,៥ភាគរយនៅឆ្នាំ២០២៣នេះ ពោលគឺលើសពីអត្រាកំណើនសេដ្ឋកិច្ចត្រឹម៣ភាគរយ ដែលចិនសម្រេចបាននៅក្នុងឆ្នាំ២០២២៕