ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ បានបង្ហាញក្តីបារម្ភអំពីផលប៉ះពាល់ លើទីផ្សារលំនៅដ្ឋានពីការដំឡើងអត្រាការប្រាក់នាពេលអនាគត ដោយធនាគារកណ្តាលអាមេរិក ខ្លាំងជាងការដួលរលំភ្លាមៗនៃធនាគារ Silicon Valley (SVB) ។
លោក Meesak Chunharuckchot ប្រធានសមាគមអចលនទ្រព្យថៃបានមានប្រសាសន៍ថា “ការដួលរលំនៃធនាគារអាមេរិក មិនត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលខ្លាំង លើទីផ្សារលំនៅដ្ឋាននោះទេ ប៉ុន្តែការរំពឹងទុកការកើនឡើង នៃអត្រាការប្រាក់ទំនងជាមានផលប៉ះពាល់កាន់តែខ្លាំង”។
លោកបានបន្តថា ការកើនឡើងទាំងនេះ ទំនងជាជះឥទ្ធិពលខ្លាំងជាងមុនលើសេដ្ឋកិច្ចពិភពលោក ហើយនឹងប៉ះពាល់ដល់វិស័យនាំចេញ សេដ្ឋកិច្ចថៃ និងអំណាចនៃការទិញផ្ទះថែមទៀតផង”។
លោកបានបញ្ជាក់ថា សមត្ថភាពខ្ចីប្រាក់ គឺជាបញ្ហាសំខាន់ក្នុងចំណោមអ្នកទិញផ្ទះ ក្នុងទំហំទឹកប្រាក់៣លានបាត និងទាបជាងនេះ។ ទោះបីជាគម្រោងផ្ទះ១លានខ្នងរបស់រដ្ឋាភិបាលថៃ ផ្តល់ការប្រាក់ទាប សម្រាប់ប្រាក់កម្ចីទិញផ្ទះយ៉ាងណាក្តី ប៉ុន្តែគណៈរដ្ឋមន្ត្រីថ្មីមួយ ក្រោយការបោះឆ្នោតនឹងត្រូវអនុម័តការបន្តរបស់ខ្លួន។
លោក Wasan Kiangsiri ប្រធានសមាគមអាជីវកម្មលំនៅដ្ឋានបានមានប្រសាសន៍ថា “យូនីតទិញទាំងនោះ មានតម្លៃ៣លានបាត(ប្រហែល៨៦.៩៧៤ដុល្លារ) និងទាបជាងនេះ មានការព្រួយបារម្ភអំពីការទទួលបានការអនុម័តប្រាក់កម្ចីទិញផ្ទះ ដោយសារពួកគេមានអត្រាខ្ពស់បំផុត នៃការបដិសេធសម្រាប់ការស្នើសុំកម្ចីទិញផ្ទះ”។

សម្រាប់អ្នកដែលកំពុងស្វែងរកទិញយូនីត ដែលមានតម្លៃចន្លោះពី៣ទៅ៥លានបាត ការព្រួយបារម្ភដ៏សំខាន់មួយនោះ គឺការកើនឡើងនៃអត្រាការប្រាក់ និងសុវត្ថិភាពប្រាក់ចំណូលរបស់ពួកគេ ដោយសារពួកគេភាគច្រើន ទើបតែចាប់ផ្តើមមានគ្រួសារ និងមានការចំណាយពាក់ព័ន្ធជាច្រើនដែលត្រូវពិចារណា។
លោក Peerapong Jaroon-ek ប្រធានសមាគមខុនដូថៃ បានមានប្រសាសន៍ថា “កំណើនទីផ្សារលំនៅដ្ឋានកំពស់ទាបៗ ត្រូវបានគេរំពឹងថានឹងនៅទ្រឹងនៅឆ្នាំនេះ បន្ទាប់ពីបានកើនឡើងក្នុងអំឡុងពេលនៃជំងឺរាតត្បាត ប៉ុន្តែទីផ្សារខុនដូត្រូវបានព្យាករណ៍ថា នឹងកើនឡើងប្រហែល៣០ភាគរយ”។
លោកបានបន្ថែមថា កត្តាជំរុញសំខាន់ នៃការស្ទុះងើបទីផ្សារខុនដូមានដូចជា យូនីតដែលមានតម្លៃសមរម្យ និងការបន្តនៃអ្នកទិញបរទេស ខណៈទីផ្សារខុនដូជួលដែលធ្លាប់ដាំក្បាលចុះ ក្នុងវិបត្តិកូវីដបានងើបត្រលប់ទៅ៧០ភាគរយ នៃកម្រិតមុនកូវីដរួចទៅហើយ៕