ដោយ: គង់ លាងហួរ
ភ្នំពេញ: សហរដ្ឋអាមេរិក នៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់កម្ពុជា ជាមួយនឹងចំណែក៣៤,៤ភាគរយ ទោះជាការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសនេះ បានធ្លាក់ចុះ២០,២ភាគរយ ដែលមានទំហំទឹកប្រាក់១,១២ពាន់លានដុល្លារ ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២យ៉ាងណាក្តី។
សម្រាប់រយៈពេល២ខែដំបូង ឆ្នាំ២០២៣នេះ វៀតណាមនៅតែជាទីផ្សារធំទីពីរសម្រាប់កម្ពុជា ខណៈការនាំចេញទៅកាន់ប្រទេសនេះឈានដល់៤៩១លានដុល្លារ កើនឡើង៣៦,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ បច្ចុប្បន្ននេះ វៀតណាមមានចំណែក១៥ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា។
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន ដែលជាទីផ្សារប្រពៃណីមួយផ្សេងទៀត សម្រាប់ប្រទេសនេះ បានធ្លាក់ចុះ៥,៥ភាគរយសម្រាប់ខែមករា និងខែកុម្ភៈមកនៅត្រឹម១៩៨លានដុល្លារ។
ប្រទេសចិនមានចំណែក៦ភាគរយ ក្នុងការនាំចេញពីកម្ពុជា ហើយបច្ចុប្បន្ននេះ ប្រទេសចិនជាទីផ្សារធំទី៥ សម្រាប់កម្ពុជាបន្ទាប់ពីប្រទេសជប៉ុន និងប្រទេសថៃ។
កម្ពុជាបាននាំចេញទំនិញមានតម្លៃ២០៦លានដុល្លារ ទៅកាន់ប្រទេសជប៉ុន និង២០៤លានដុល្លារ ទៅកាន់ប្រទេសថៃក្នុងអំឡុងខែមករាដល់ខែកុម្ភៈ កើនឡើង១,៧ភាគរយ និង១៣,៤ភាគរយរៀងៗគ្នា បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២២។
ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសឥណ្ឌា សម្រាប់រយៈពេលនេះ បានបង្ហាញពីកំណើន គួរឱ្យកត់សម្គាល់ចំនួន១០៣,៩ភាគរយ ដែលឈានដល់២៧លានដុល្លារ ដោយកម្ពុជានាំចេញផលិតផលវាយនភណ្ឌ លោហធាតុ និងសរសៃទៅកាន់ប្រទេសឥណ្ឌាជាចម្បង។

ទន្ទឹមនឹងនេះ ប្រទេសថៃគ្រោងនឹងរៀបចំ សកម្មភាពជាបន្តបន្ទាប់ ដើម្បីជំរុញការនាំចេញនៅឆ្នាំនេះ ហើយកម្ពុជាគឺជាទីផ្សារគោលដៅមួយ ក្នុងចំណោមទីផ្សារគោលដៅ បន្ថែមលើប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាម ហើយប្រទេសនេះ ក៏មានគោលបំណងពង្រីកទីផ្សាររបស់ខ្លួន នៅតំបន់មជ្ឈិមបូព៌ា អាស៊ីខាងត្បូង និងប្រទេសចិនផងដែរ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ កាលពីពេលថ្មីៗនេះថា “ការធ្វើពិពិធកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារកាន់តែច្រើន ក៏ជាកត្តានយោបាយសម្រាប់កម្ពុជាផងដែរ”៕