ដោយ វុត្ថា
ភ្នំពេញ : មន្ត្រីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអះអាងថាដីនៅតាមបណ្តោយជាតិលេខ៥ ចាប់ពីព្រែកក្តាមរហូតល់ ក្រុងប៉ោយប៉ែតកំពុងតែឡើងថ្លៃបន្តិចម្តងៗ ស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងពង្រីកផ្លូវជាតិមួយនេះឲ្យទៅជា៤គន្លងសម្រាប់ដឹកជញ្ជូន និងសកម្មភាពពាណិជ្ជកម្មនានា។
លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះថា “និយាយតាមត្រង់ទៅដីធ្លីនៅតាមផ្លូវនេះ ឡើងថ្លៃរួចទៅហើយចាប់តាំងពីឆ្នាំ២០១១ម្លេះ តែតម្លៃវិញមានភាពខុសៗគ្នា អាស្រ័យទៅតាមតំបន់នីមួយៗ ដូចជា តំបន់ទីរួមខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំងជាដើមមានតម្លៃផ្សេង និងតំម្លៃដីតំបន់តំបន់ធម្មតាមានតម្លៃផ្សឹងទៅ” ។
តែយ៉ាងណាក៏ដោយ លោកមិនបាញ្ជាក់ថាតម្លៃដីដំបន់នីមួយៗ មានតម្លៃប៉ុន្មានជាក់លាក់នោះទេ។
លោក ឈឹម ផល្លា បានបន្តទៀតថា ប្រជាពលរដ្ឋដែលរល់នៅសង់ខាផ្លូវជាតិលេខ ៥ កំពុទទួលបានផលច្រើនពីការការលក់ដីរបស់ពួកគាត់ និងការធ្វើជាអាជីវកម្មផ្សេងផងដែរ។ ការពង្រីកផ្លូវនេះ គឺដើម្បីតភ្ជាប់ផ្លូវអាស៊ាន-ហាយវេ ឆ្លងកាត់ព្រំដែនថៃ ហើយរដ្ឋាភិបាលកម្ពុជា ដែលទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន កំពុងកំពន្លឿនការស្ថាបនា និងពង្រីកផ្លូវនេះ ។
ម្យ៉ាងទៀត រដ្ឋាភិបាលកម្ពុជាក៏កំពុងដោះស្រាយផលប៉ះពាល់ដែលនោះសេសសល់ខ្លះ ជូនប្រជាពលរដ្ឋដែលរស់អមសង់ខាងផ្លូវនេះ តែមិនច្រើននោះទេ។
នៅក្នុងវីដេអូនិយាយជាភាសាខ្មែរមួយរបស់ លោក Horinouchi Hidehisa ឯកអគ្គ រដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានបង្ហោះតាមទំព័របណ្តាញសង្គម របស់ស្ថានទូតជប៉ុននៅកម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន ជួសជុលកំណាត់ផ្លូវជាតិ ពីព្រែកក្តាមដល់ប៉ោយប៉ែតប្រវែង៣៦៨.៧គីឡូម៉ែត្រ និងសំណូមពរប្រជាពលរដ្ឋកម្ពុជា បង្កើតការយកចិត្តទុកដាក់ពេលធ្វើដំណើរលើផ្លូវជាតិលេខ៥នេះ។
លោកបន្តថា “ការជួសជុលកំណាត់ផ្លូវជាតិលេខ៥ នឹងត្រូវបង្កើនពីស្ថានភាពបច្ចុ ប្បន្នដែលមានតែ២គន្លង ទៅជា៤គន្លង និងមានប្រវែងសរុប ៣៦៨,៧គីឡូម៉ែត្រ ចាប់ពីក្រុងប៉ោយប៉ែត មកដល់ព្រែកក្តាម”។
ការពង្រីកស្ថាបនាផ្លូវជាតិ៥នេះ ស្ថិតក្នុងគម្រោងកែលំអផ្លូវជាតិលេខ៥ (National Road No.5 Improvement Project) ដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ជាកម្ចីមករដ្ឋាភិបាលកម្ពុជាសម្រាប់ជួសជុលកំណាត់ផ្លូវជាតិលេខ៥ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលហៅកាត់ថាJICA។ ការស្ថាបនាផ្លូវនេះនឹងបញ្ចប់នៅឆ្នាំ២០២២ ហើយកំណាត់ផ្លូវមួយចំនួននឹងត្រូវបិទហេតុនេះ។
ឯកអគ្គទូតជប៉ុន បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរនៅលើផ្លូវ៥ មេត្តាយោគយល់បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ជាមួយស្លាកសញ្ញាចរាចរណ៍ ដើម្បីការធ្វើដំណើរដោយសុវត្ថិភាពទាំងអស់គ្នា។
ការពង្រីកផ្លូវនេះ នឹងធ្វើឡើងដោយវាងទីប្រជុំជនស្រុកឧត្តុង ក្រុងកំពង់ឆ្នាំង ក្រុងពោធិសាត់ ក្រុងបាត់ដំបង និងក្រុងសេរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ៕