ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានស្នើបង្កើតស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ខ្លួននៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីជួយសម្របសម្រួលដល់ប្រទេសអភិវឌ្ឍន៍តិចតួច។
ជាមួយនឹងការកោតសរសើរពី WTO ដែលកម្ពុជាសម្រេចបានកំនើនសេដ្ឋកិច្ចល្អប្រសើរជាង២ទសវត្សរ៍ ក្នុងអត្រាកំនើនជាង៧ភាគរយ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូស័ក្តិដែលបានចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនូវនយោបាយពាណិជ្ជកម្ម លើកទី២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសបានថ្លែងឲ្យដឹងនារសៀលថ្ងៃទី២៤ វិច្ឆិកានេះថា គំនិតផ្តួចផ្តើមស្តីពីការបង្កើតស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក ជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងក្របខ័ណ្ឌ WTO ដែលនឹងជួយជ្រោមជ្រែងបន្ថែមដល់ការចូលរួមរបស់កម្ពុជា ក្នុងកិច្ចការអន្តរជាតិពាក់ព័ន្ឋនឹងវិស័យពាណិជ្ជកម្ម ពិសេសការបំពេញតួនាទីរបស់កម្ពុជា ជាប្រធានសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច។
-->
តាមការព្យាករណ៍របស់ធនាគារពិភពលោក សេដ្ឋកិច្ចរបស់កម្ពុជាឆ្នាំនេះនឹងសម្រេចបានកំនើន៦,៨ភាគរយ ខណៈធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះនឹងសម្រេចកំនើន ៧,១ភាគរយ ហើយមូលនិធិរូបិយប័ ណ្ណអន្តរជាតិបានព្យាករណ៍ស្រដៀងគ្នានេះផងដែរ។
លោក ប៉ាន សូស័ក្តិ បានបន្តថា “WTO បានសរសើរចំពោះប្រទេសកម្ពុជា ដែលសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ចល្អប្រសើរ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ និងបានជ្រើសរើសកម្ពុជា ជាប្រទេសគំរូដើម្បីផ្តល់បទពិសោធន៍ដល់ប្រទេសអភិវឌ្ឍន៍តិចតួចនានា។លោកបន្តថា “អង្គការអន្តរជាតិនានា និងប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក បានកោតសរសើរកម្ពុជា ដែលរក្សាបានកំនើនសេដ្ឋកិច្ចល្អប្រសើរជាងពីរទសវត្សរ៍កន្លងមកនេះ។

ឯកអគ្គរដ្ឋទូតប្រទេសកូឡំប៊ី និងជាប្រធានដឹកនាំកិច្ចប្រជុំលោក Juan Carlos Gonzalez បានអបអរសាទរចំពោះការសម្រេចបាននូវការរីកចម្រើន និងកំនើនសេដ្ឋកិច្ចជាវិជ្ជមានរបស់កម្ពុជា និងបានជំរុញឲ្យកម្ពុជាបន្តកិច្ចការរបស់ខ្លួនបន្តទៀត ពិសេសឆ្លើយតបតាមការស្នើសុំរបស់សមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីលើកកំពស់តម្លាភាពក្នុងរបបពាណិជ្ជកម្ម និងអនុលោមភាពស្របតាមគោលការណ៍ ដែលមានចែងក្នុងបទដ្ឋានអន្តរជាតិ ដែលកម្ពុជាបានចូលជាសមាជិកហត្ថលេខីរួចហើយនោះ៕