ដោយៈ សុខុម
ភ្នំពេញ: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និយាយថា ការកែប្រែយុទ្ធសាស្ត្រទប់ស្កាត់កូវីដ-១៩ ដ៏តឹងរ៉ឹងនៅក្នុងប្រទេសចិន ឱ្យកាន់តែប្រសើរឡើង និងការអនុញ្ញាតឱ្យដំណើរការទេសចរណ៍ ជាក្រុមចេញក្រៅប្រទេសចិន ឡើងវិញនៅដើមឆ្នាំ២០២៣ នេះនឹងផ្តល់ការជំរុញដ៏ធំដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា។
តាមរយៈរបាយការណ៍ទស្សនវិស័យ សេដ្ឋកិច្ចរបស់ខ្លួនចេញផ្សាយកាលពីថ្ងៃអង្គារ ទី៤ ខែមេសា ធនាគារ ADB លើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានព្យាករថានឹងសម្រេចបាន កំណើនក្នុងរង្វង់៥,៥%ក្នុងឆ្នាំ២០២៣ និង៦%ក្នុងឆ្នាំ២០២៤ ដោយសារវិស័យទេសចរណ៍ងើបឡើងយ៉ាងរឹងមាំ និងកំណើនកាន់តែខ្ពស់ក្នុងវិស័យសេវាកម្ម។
សេដ្ឋកិច្ចរបស់កម្ពុជា ជាធម្មតាពឹងផ្អែកខ្លាំង លើវិស័យទេសចរណ៍ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ វិស័យសំណង់ និងអចលនទ្រព្យ ព្រមទាំវិស័យកសិកម្ម។
លោកស្រី Jyotsana Varma នាយក ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ទោះបីជាតម្រូវការក្នុងពិភពលោក ចុះខ្សោយយ៉ាងណាក្ដី ក៏សេដ្ឋកិច្ចរបស់កម្ពុជា បានបន្តដំណើរការយ៉ាងល្អដែលនាំមុខ ដោយការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍។
លោកស្រីបន្ថែមទៀតថា “ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តរួមកាន់តែតូច និងអតិផរណាកម្រិតមធ្យមក្នុងឆ្នាំ២០២៣”។
កំណើនសេវាកម្ម នឹងត្រូវបានបន្តជំរុញ ដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ហើយថាកំណើនសេវាកម្មនឹងបង្កើនល្បឿនដល់៧,៣%ក្នុងឆ្នាំ២០២៣ មុននឹងបង្អង់ល្បឿនមកនៅ៦,៨%ក្នុងឆ្នាំ២០២៤។
របាយការណ៍ដដែលបន្ថែមទៀតថា វិស័យទេសចរណ៍របស់កម្ពុជា នឹងសម្រេចបានកំណើនកាន់តែខ្ពស់ ក្រោយពីមានបន្ធូរបន្ថយវិធានាការរឹតបន្តឹងកូវីដ-១៩ ក្នុងប្រទេសចិន ដែលជាទីផ្សារទេសចរណ៍ដ៏ធំបំផុតរបស់កម្ពុជា។
កត្តាផ្សេងៗទៀតដែលរំពឹងថា នឹងជួយជំរុញកំណើនសេវាកម្មក្នុងឆ្នាំនេះគឺ ការទទួលធ្វើការម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងធ្វើឡើងនៅខែឧសភា និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងធ្វើឡើងនៅខែមិថុនា ព្រមទាំងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនៅខែកក្កដា ខាងមុខផងដែរ៕ Xinhua៕