ដោយៈ ចំណាន
ភ្នំពេញៈ ស្ថានីយទូរទស្សន៍អន្តរជាតិTV5 Monde ដ៏ធំ និងផ្សាយដល់ជាង ២០០តំបន់ជុំវិញពិភពលោក មកថតខ្សែភាពយន្តឯកសារស្តីពី “ការរីកចម្រើនរុងរឿងរបស់កម្ពុជា” ដោយបង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនជុំវិញពិភពលោក។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងពេលហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Michaël Darmon និងលោក Yves Derai អ្នកកាសែត ផលិតករ និងអ្នកនិពន្ធដ៏ល្បីរបស់ស្ថានីយទូរទស្សន៍អន្តរជាតិTV5 Monde ដ៏ធំមួយក្នុងពិភពលោកដែលមានទស្សនិកជនជាង៤២១លាននាក់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរយោបល់ ព្រមស្នើសុំអនុសាសន៍ណែនាំលើគម្រោងថតភាពយន្តឯកសារស្តីពី “ការរីកចម្រើនរុងរឿងរបស់កម្ពុជា”។
-->
ក្នុងឱកាសនៃជំនួបនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមរបស់អ្នកកាសែតដ៏ល្បីរបស់បារាំងទាំងពីររូប មកថតខ្សែភាពយន្តឯកសារ ដែលមានលក្ខណៈប្រវត្តិសាស្រ្ត បញ្ជាក់ពីតថាភាពជាក់ស្តែង និងកម្រិតអន្តរជាតិនេះ ដោយបានផ្សារភ្ជាប់ជាមួយសក្តានុពល ទេសចរណ៍ដែលកំពុងរះដ៏ចិញ្ចាច ជាមួយកាលានុវត្តវិនិយោគដ៏ល្អ ជាពិសេសក្នុងវិស័យទេសចរណ៍។

លោកហួត ហាក់បានបញ្ជាក់ថា ក្រសួងទេសចរណ៍ត្រៀមជាស្រេច ក្នុងការផ្តល់កិច្ចសហការ ជាមួយផលិតករលើគម្រោងដ៏មានសារៈសំខាន់ និងជាប្រយោជន៍ដល់ប្រជាជនកម្ពុជាផង និងប្រជាជនពិភពលោកផង ឱ្យបានយល់ដឹងពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប សម្បតិ្តបេតិកភណ្ឌ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន អច្ឆរិយនៃរាជធានីភ្នំពេញជាមួយទន្លេ៤ប្រសព្វគ្នា បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងល្បីល្បាញ “ស្នាមញញឹមកម្ពុជា” ជាពិសេសគឺកត្តាសុខសន្តិភាព សុវត្ថិភាព ការរីកចម្រើនគ្រប់វិស័យដែលប្រទេសកម្ពុជា កំពុងមាននាពេលបច្ចុប្បន្ន។
តាមការជម្រាបជូនរបស់ផលិតករ ខ្សែភាពយន្តនេះ នឹងត្រូវចាក់បញ្ចាំង ក្នុងអំឡុងកិច្ចប្រជុំកំពូលអង្គការ បណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (ហ្រ្វង់កូហ្វូនី) នាខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជាខាងមុខនេះ៕


