កម្ពុជានឹងសាងសង់មជ្ឈមណ្ឌលភស្តុភារកកម្មថ្មីមួយតម្លៃ២០០លានដុល្លារនៅខេត្តព្រះសីហនុ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ មជ្ឈមណ្ឌលភស្តុភារកម្មថ្មី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ IFC នៃធនាគារពិភពលោក បានចុះកិច្ចព្រមព្រៀងថ្មីមួយ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើតភាពជាដៃគូ រវាងវិស័យសាធារណៈ និងវិស័យឯកជន សម្រាប់មជ្ឈមណ្ឌលភស្តុភារកម្មមួយក្នុងខេត្តព្រះសីហនុ។

នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅថ្ងៃទី១៩ មេសា ២០២៣ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធា​រណការ និងដឹកជញ្ជូនបានឱ្យដឹងថា មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពមួយ ក្នុងចំណោម មជ្ឈ​មណ្ឌលភស្តុភារកម្មអាទិភាពចំនួនពីរ ដែលត្រូវអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា។

លោកបន្តថា ”គោលបំណងរបស់យើង គឺយកប្រទេសកម្ពុជាធ្វើជាមជ្ឈមណ្ឌលផ្ទេរភស្តុភារកម្ម ប្រចាំតំបន់ក្នុងតំបន់អាស៊ីអាគ្នេយ៍”។

លោកបន្តថា តាមរយៈការធ្វើការជាមួយ IFC គឺអាចទាញយកផលពីជំនាញជាសាកលរបស់ពួកគេ នៅពេលដែលយើងស្វែងរកជម្រើសដ៏ល្អបំផុត ដើម្បីជំរុញការចូលរួមពីវិស័យឯកជន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្មដ៏សំខាន់នេះ នៅក្នុងប្រទេសកម្ពុជា។

ក្រោមកិច្ចព្រមព្រៀងថ្មីនេះ IFC ជាទីប្រឹក្សាដឹកនាំផ្តាច់មុខ ក្នុងការរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការ PPP និងគាំទ្រ រដ្ឋាភិបាល ក្នុងការដេញថ្លៃ ដែលមានលក្ខណៈប្រកួតប្រជែងជាអន្តរជាតិ ដើម្បីជ្រើសរើសក្រុមហ៊ុនវិនិយោគឯកជន ដែលមានគុណវុឌ្ឍិស្របតាមច្បាប់ ភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជនរបស់ប្រទេសកម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន ក្រោយពិធីចុះហត្ថលេខានេះបានឱ្យដឹងថា គម្រោងនេះ រំពឹងថា នឹងត្រូវបានដំណើរការឡើង ជាដំណាក់កាល ជាមួយនឹងដើមទុនសរុបប្រមាណជា២០០លានដុល្លារ។ ក្រុមហ៊ុនវិនិយោគរំពឹងថា នឹងផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ និងដំណើរការហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបរិក្ខារ និងប្រព័ន្ធនានា នៅក្នុងមជ្ឈមណ្ឌលភស្តុភារកម្ម ក្រោមកិច្ចសន្យារយៈពេលវែង ក្នុងភាពជាដៃគូររវាងរដ្ឋាភិបាល និងវិស័យឯកជន។ ការផ្តល់កិច្ចសន្យាទៅឲ្យអ្នកដេញថ្លៃឈ្នះ ទំនងជានឹងត្រូវធ្វើឡើងនៅចុងឆ្នាំ២០២៤ ដោយមជ្ឈមណ្ឌលនេះនឹងត្រូវសាងសង់ក្នុងរយៈពេល៣ឆ្នាំ។

សម្រាប់ទីតាំងយុទ្ធសាស្ត្ររបស់មជ្ឈមណ្ឌលនេះ នឹងនៅភាគនិរតី តាមឆ្នេរសមុទ្រកម្ពុជា ដោយមានការតភ្ជាប់ល្អ ជាមួយផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស។ មជ្ឈមណ្ឌលមណ្ឌលភស្តុភារកម្មនេះដែរ ក៏អាចបំពេញបន្ថែម ទៅឲ្យកំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងពាណិជ្ជកម្មតែមួយគត់របស់កម្ពុជា ដែលគ្រប់គ្រងពីរភាគបី នៃចំនួនកុងតឺន័រទាំងអស់ ដែលឆ្លងកាត់ប្រទេសកម្ពុជា ។

មជ្ឈមណ្ឌលភស្តុភារកម្មទំនើប រួមជាមួយការដឹកជញ្ជូនដែលគាំទ្រកំពង់ផែនេះ នឹងជួយពន្លឿនចលនានៃការនាំចេញ ការនាំចូល និងកាត់បន្ថយការកកស្ទះ នៅកំពង់ផែកំពង់ផែក្រុងព្រះសីហនុផងដែរ ។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាននិងកំពុងសាងសង់ មជ្ឈមណ្ឌលភស្តុភារកម្មជាច្រើនកន្លែង នៅទូទាំងប្រទេសកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យភស្ដុភារកម្ម និងការដឹកជញ្ជូន ឱ្យកាន់តែទំនើបនិងមានភាពរីកចម្រើនបន្ថែមទៀត ស្របនឹងសេដ្ឋកិច្ច នៃប្រទេសក៏កាន់តែវិវត្តន៍ទៅមុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here