ដោយ: គង់ លាងហួរ
ហុងកុង: ក្រុមអ្នកសង្កេតការណ៍ទីផ្សារបានឱ្យដឹងថា អត្រាទំនេររបស់ការិយាល័យនៅក្រុងហុងកុងបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល១០ខែក្នុងខែមីនា ចំពេលមានការកើនឡើងនៃសកម្មភាពអាជីវកម្ម បន្ទាប់ពីការបើកព្រំដែនឡើងវិញជាមួយប្រទេសចិនដីគោក។
យោងតាមទិន្នន័យពីទីភ្នាក់ងារ JLL បានឱ្យដឹងថា អត្រាទំនេរសរុបសម្រាប់ការិយាល័យកម្រិត A បានធ្លាក់ចុះ០,២ភាគរយពីមួយខែទៅមួយខែក្នុងខែមីនា មកត្រឹម១២ភាគរយ ដែលជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីខែឧសភា ឆ្នាំ២០២២ ។
ទីប្រឹក្សានេះបានអះអាងទៀតថា ទីផ្សារការិយាល័យបានកត់ត្រាការស្រូបយកសុទ្ធ(net absorption)ចំនួន២០៣.៩០០ម៉ែត្រហ្វីតនៅក្នុងខែមីនា។
-->
យោងតាមទិន្នន័យពី JLL និង CBRE បានបង្ហាញថាការិយាល័យនៅក្នុងតំបន់ Kowloon របស់ទីក្រុងហុងកុងត្រូវបានស្វែងរកច្រើនបំផុតក្នុងរយៈពេល៣ខែដំបូង ដែលបានជួយទម្លាក់អត្រាទំនេរជាច្រើន។
លោក Nelson Wong នាយកប្រតិបត្តិនៃការស្រាវជ្រាវនៅទីភ្នាក់ងារ JLL បានអះអាងថា “នៅតំបន់ Kowloon East … ទីផ្សារបានចាប់ផ្តើមស្រូបយកបរិមាណផ្គត់ផ្គង់យ៉ាងច្រើនដែលបានបញ្ចប់កាលពីឆ្នាំមុន”។
ទស្សនវិស័យសម្រាប់ទីផ្សារការិយាល័យរបស់ហុងកុងបានភ្លឺស្វាងឡើងវិញចាប់តាំងពីបានលុបចោលការរឹតបន្តឹងជំងឺកូវីដ-១៩ ហើយព្រំដែនហុងកុងជាមួយប្រទេសចិនដីគោកបានបើកឡើងវិញនៅថ្ងៃទី៦ ខែកុម្ភៈ។
រដ្ឋបាលទីក្រុងហុងកុងបានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុបនឹងហក់ឡើងពី៣,៥ភាគរយទៅ៥,៥ភាគរយសម្រាប់ឆ្នាំនេះ ខណៈដែលសកម្មភាពសេដ្ឋកិច្ចកំពុងកើនឡើង ដែលនឹងជួយជំរុញការប្រើប្រាស់ឯកជន និងកាត់បន្ថយអត្រាគ្មានការងារធ្វើបន្ថែមទៀត៕
