កំណើនសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះដល់១,១ភាគរយនៅត្រីមាសទី១ស្របពេលមានការភ័យខ្លាចពីវិបត្តិសេដ្ឋកិច្ច

0

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោន: នាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានបាត់បង់សន្ទុះ នៅត្រីមាសទីមួយក្នុងឆ្នាំនេះ ខណៈលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ចស្រាលមួយ(mild recession)ជិតកើតឡើង។

ផលិតផលក្នុងស្រុកសរុប របស់សហរដ្ឋអាមេរិកបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំត្រឹម១,១ភាគរយប៉ុណ្ណោះ ក្នុងអំឡុងខែមករាដល់ខែមីនា ពោលគឺធ្លាក់ចុះពី២,៦ភាគរយ នៅក្នុងត្រីមាសទី៤ កាលពីឆ្នាំមុន។

ការប្រើប្រាស់បានផ្តល់នូវការជំរុញ ដល់សេដ្ឋកិច្ចរបស់អាមេរិក ប៉ុន្តែភាពចលាចល ក្នុងវិស័យធនាគារនាពេលថ្មីៗនេះ និងការកើនឡើងនៃអត្រាការប្រាក់ អាចនឹងធ្វើឱ្យទស្សនវិស័យជួបបញ្ហា ឬមានការធ្លាក់ចុះ។

នាយកដ្ឋានពាណិជ្ជកម្មបានអះអាងថា “បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ការថយចុះនៃផលិតផល ក្នុងស្រុកសរុបពិតប្រាកដនៅក្នុងត្រីមាសទីមួយ បានឆ្លុះបញ្ចាំងពីការធ្លាក់ចុះ នៃការវិនិយោគសារ​ពើភ័ណ្ឌឯកជន និងការធ្លាក់ចុះនៃការវិនិយោគថេរ មិនមែនលំនៅដ្ឋាន”។

នាយកដ្ឋានពាណិជ្ជកម្មបានបន្ថែមទៀតថា នេះត្រូវបានទូទាត់មួយផ្នែក ដោយការបង្កើនល្បឿន នៃការចំណាយរបស់អ្នកប្រើប្រាស់ និងការកើនឡើង នៃការនាំចេញរបស់សហរដ្ឋអាមេរិកផងដែរ។

នាយកដ្ឋានខាងលើបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តួលេខកំណើនGDP បានឆ្លុះបញ្ចាំងពីការកើនឡើង នៃការចំណា​យអ្នកប្រើប្រាស់ ការនាំចេញ ការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ រួមជាមួយនឹងទម្រង់នៃការវិនិយោគមួយចំនួន”។

សកម្មភាពសេដ្ឋកិច្ចបាននឹងកំពុងធូរស្រាល ខណៈដែលធនា​គារកណ្តាលអាមេរិក បានដំឡើងអត្រាប្រាក់កម្ចី គោលយ៉ាងឆាប់រហ័សដើម្បីដោះស្រាយអតិផរណា។

ចំណែក លទ្ធផលអវិជ្ជមានពេញលេញ ដែលចេញពីភាពចលា​ចល ក្នុងវិស័យហិរញ្ញវត្ថុនាពេលថ្មីៗនេះ បន្ទាប់ពីមានការដួលរលំនៃធនាគារខ្នាតតូចចំនួន៣កាលពីខែមុន មិនទាន់ត្រូវបានគេមើលឃើ​ញនៅឡើយនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here