ដោយៈ សុខុម
ប៉េកាំង: ការសិក្សាមួយដែលទទួលបានហិរញ្ញប្បទាន ពីរដ្ឋាភិបាលចិន បានស្នើឡើងថា ប្រទេសចិន គួរតែសាងសង់រដ្ឋធានីទី២ នៅតំបន់វាលខ្សាច់ ដ៏សែនដាច់ស្រយាលស៊ីនជាំង (Xinjiang) ដើម្បីពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយតំបន់វាលរហោស្ថានដ៏ធំល្វឹងល្វើយ ដែលសម្បូរដោយជនជាតិដើមភាគតិចរស់នៅនេះ។
ក្រុមអ្នកសិក្សាស្រាវជ្រាវ ដែលបានចូលរួមពាក់ព័ន្ធក្នុងគម្រោង រយៈពេល៤ឆ្នាំនេះបានលើកឡើងថា សំណើនេះធ្វើឡើងក្នុងគោលបំណងដោះស្រាយហានិភ័យនានា ផ្នែកភូមិសាស្ត្រនយោបាយ និងបរិស្ថាន។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៣០ ខែមេសា។

តំបន់ស៊ីនជាំង មានភូមិសាស្ត្រស្ថិត នៅតាមបណ្ដោយព្រំដែនភាគខាងលិចនៃប្រទេសចិន ដែលនៅដាច់ស្រយាលខ្លាំងពីមជ្ឈមណ្ឌលសេដ្ឋកិច្ច និងនយោបាយ នៃប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ។
ស៊ីនជាំង ជាតំបន់ដ៏ធំល្វឹងល្វើយ ដែលសម្បូរដោយវាលខ្សាច់ និងខ្ពង់រាប ហើយនៅតំបន់នេះ មានអាកាសធាតុមិនអំណោយផលនោះទេ រួមទាំងសីតុណ្ហភាពក្ដៅហែងខ្លាំងផងដែរ។
តំបន់ស៊ីនជាំង សម្បូរដោយជនជាតិដើមភាគតិចរស់នៅរួមមានជនជាតិដើមភាគតិចវីហ្គួ(Uygur) ជនជាតិដើមភាគតិចកាហ្សាក់ស្ថាន ជនជាតិដើមភាគតិចម៉ុងហ្គោលី ជាដើម និងមានព្រំប្រទល់ជាប់តំបន់ទីបេរ្តិ៍ (Tibet)។
ការសិក្សាខាងលើនេះ បានបង្ហាញសុទិដ្ឋិនិយមថា ការសាងសង់រដ្ឋធានីទី២ នេះនឹងជួយធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសចិន មានតុល្យភាពឡើងវិញ និងពង្រឹងទំនាក់ទំនងជាមួយតំបន់អាស៊ី និងអឺរ៉ុប ឱ្យកាន់តែរឹងមាំ៕ South China Morning Post៕
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!