ដោយៈ សុខុម
រីយ៉ាដ: ទីតាំងជាយុទ្ធសាស្ត្រ នៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលតភ្ជាប់អាស៊ី អាហ្វ្រិក និងអឺរ៉ុប បានពន្លឿនគោលបំណងរបស់ប្រទេសនេះ ក្នុងការក្លាយជាមជ្ឈមណ្ឌលភ័ស្តុភារកម្ម ពិភពលោកសម្រាប់ទ្វីបទាំង៣ខាងលើនេះ។
វាក៏បានជួយប្រទេសនេះ ឱ្យក្លាយជាអ្នកឈានមុខគេ ក្នុងវិស័យភ័ស្តុភារកម្ម និងដឹកជញ្ជូនផងដែរ ខណ:ប្រទេសនេះ កំពុងរួមបញ្ចូលគ្នា នូវបណ្ដាញផ្លូវថ្នល់ប្រវែង៧២.០០០គីឡូម៉ែត្រ ក្នុងប្រទេសនេះ រួមទាំងស្ពានចំនួន៣.៦៩០កន្លែង និងផ្លូវក្រោមដីចំនួន៧៦ខ្សែផងដែរ។
-->

ការនេះកើតមានឡើង ខណ:ក្រសួងដឹកជញ្ជូន និងភ័ស្តុភារកម្មនៃប្រទេសនេះកំពុងសិក្សា ផែនការមានប្រសិទ្ធភាពនានា ដើម្បីតភ្ជាប់តំបន់ដាច់ស្រយាលទាំងនេះ និងកាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរទៅមករវាងទីក្រុងនានា។
បន្ថែមពីលើនេះ ក្រសួងដដែលក៏មានគម្រោង សម្របសម្រួលនីតិវិធីភ្ជាប់ការមកដល់ ការចល័តរបស់ភ្ញៀវទេសចរ និងក្រុមអ្នកធម្មយាត្រាមទៅនឹងព្រះវិហារដ៏ពិសិដ្ឋទាំង២ផងដែរ។
យោងតាមសារព័ត៌មានចុះផ្សាយ កាលពីពេលថ្មីៗនេះឱ្យដឹងថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសនេះ បានបន្ថែមផ្លូវថ្នល់ចំនួន៥៦ខ្សែ ដែលមានប្រវែងសរុប១.៦១០គីឡូម៉ែត្រ ក្នុងឆ្នាំ២០២២ ក្រៅពីការត្រួតពិនិត្យស្ពានចំនួន៦០៨កន្លែង និងផ្លូវក្រោមដីចំនួន៣៧ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធទាំងនោះមានសុវត្ថិភាព។

ប្រទេសនេះ ក៏បានបង្កើនបណ្ដាញដឹកជញ្ជូន តាមផ្លួវអាកាសរបស់ខ្លួនផងដែរកាលពីឆ្នាំមុន ដោយបានចាប់ផ្ដើមដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិ King Salman International Airport និងស្ថានីយចំណត២ នៅអាកាសយានដ្ឋានអន្តរជាតិ King Khaled International Airport ក្នុងរាជធានីរីយ៉ាដ ពង្រីកអាកាសយានដ្ឋាន Al-Qaisumah Airport និងការបញ្ចប់ការជួសជុលកែលម្អ អាកាសយានដ្ឋានចំនួន២៥នៅក្នុងប្រទេសនេះផងដែរ។
បណ្ដាញផ្លួវដែកកាលពីឆ្នាំ២០២២ ក៏ទទួលបានកំណើនខ្ពស់មិនធ្លាប់មានរហូតដល់១១៥% ឈានដល់ចំនួនអ្នកដំណើរ៥,៨លាននាក់ផងដែរ បើធៀបនឹងឆ្នាំ២០២១៕ Arab News៕
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!