ដោយៈ សុខុម
ភ្នំពេញ: ម្ចាស់ផ្ទះកម្ពុជា រំពឹងថានឹងដណ្ដើមបានមេដាយឱ្យបានកាន់តែច្រើន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទ ទី០១ ខែឧសភា ថា “យើងរំពឹងថា ចំនួនមេដាយដែលដណ្ដើមបាន ក្នុងការប្រកួតនាពេលខាងមុខ នឹងកើនឡើងជិត២០០% បើធៀបនឹងមេដាយចំនួន៦៣ដែលកម្ពុជា ដណ្តើមបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២២”។
-->

កម្ពុជា ដណ្ដើមបានមេដាយមាសចំនួន៩ មេដាយប្រាក់ចំនួន១៣ និងមេដាយសំរឹទ្ធិចំនួន៤១ សរុបចំនួន៦៣មេដាយក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១។
ប្រតិភូកម្ពុជា ដែលមានចំនួន១.២០៣រូបនាក់ រួមទាំងអត្តពលិកចំនួន៨៩៦រូបផងដែរនោះ នឹងចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររយៈពេល៦៤ឆ្នាំមកនេះ។
លោក ថោង ខុន មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយអត្តពលិក និងគ្រូបង្វឹកនៅវិមានសន្តិភាព ថា “ប្រមាណ៤០%នៃអត្តពលិករបស់យើង ត្រូវបានបញ្ជូនទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេសដើម្បីបង្កើនសមត្ថភាព និងបច្ចេកទេសរបស់ពួកគេនៅមុនព្រឹត្តិការណ៍ស៊ីហ្គេម”។

ថ្លែងក្នុងពិធីជួបសំណេះសំណាលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់កីឡាករ-កីឡាការិនីទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ប្រកួតដោយស្មើភាពគ្នា ដើម្បីរក្សាបាននូវកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។
សម្ដេចមានប្រសាសន៍ថា “យើងសង្ឃឹមថា អត្តពលិករបស់យើងនឹងដណ្ដើមមេដាយមាស បានបន្ថែមទៀតនៅក្នុងការប្រកួតនាពេលខាងមុខនេះ”។

យោងតាមគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់CAMSOC ឱ្យដឹងថា អត្តពលិក គ្រូបង្វឹក និងប្រតិភូកីឡាជាង១១.០០០រូប មកពីប្រទេសចំនួន១១ក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងមានកីឡាចំនួន៣៧ប្រភេទ ស្មើនឹង៥៨៩វិញ្ញាសា៕ Xinhua៕
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!