ដោយៈ សុខុម
វ៉ាស៊ីនតោន: ព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី៣ ខែឧសភា បានបោះឆ្នោតសម្រេចនិរាករណ៍ ការផ្អាកយកពន្ធរបស់ប្រធានាធិបតីចូ បៃឌិន លើផលិតផលបន្ទះសូឡាពីកម្ពុជា និងប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ាន។វិធានការនេះ ធ្វើឡើងក្នុងគោលបំណងជួយគាំទ្រ ដល់ឧស្សាហកម្មផលិតបន្ទះសូឡា នៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា។
ទោះជាយ៉ាងណា លោក ចូ បៃឌិន បានប្ដេជ្ញាវេតូប្រឆាំងនឹងសេចក្ដីសម្រេចរបស់ព្រឹទ្ធសភា ដែលបានបញ្ជូនសេចក្ដីសម្រេចនេះទៅរដ្ឋសភាកាលពីសប្តាហ៍មុន។
សហរដ្ឋអាមេរិក បាននិងកំពុងព្យាយាម ធ្វើឱ្យមានតុល្យភាពរវាងការជួយគាំទ្រ ដល់ការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះសូឡា ក្នុងស្រុក ខណៈបន្តនាំចូលបន្ទះសូឡាតម្លៃធូរថ្លៃ សម្រាប់គម្រោងនានាដែលមានតម្រូវការ ដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។
លោក ចូ បៃឌិន ដែលមកពីគណបក្សប្រជាធិបតេយ្យបានលើកលែងពន្ធ លើការនាំចូលផលិតផលបន្ទះសូឡា ពីប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងប្រទេសវៀតណាម សម្រាប់រយៈពេល២ឆ្នាំកាលពីខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីបណ្ដាលអ្នកអភិវឌ្ឍន៍គម្រោងសូឡាព្រមានថា ពួកគេនឹងដំឡើងថ្លៃដើម ហើយនឹងផ្អាកការអភិវឌ្ឍ។ផលិតផលបន្ទះសូឡាពីប្រទេសទាំង៤ខាងលើ ជាទីឈរជើងរបស់បណ្ដាក្រុមហ៊ុនផលិតបន្ទះសូឡាចិន មានចំណែកគ្របដណ្ដប់រហូតដល់ទៅប្រមាណ៨០ភាគរយ នៃការផ្គត់ផ្គង់សរុបទូទាំងសហរដ្ឋអាមេរិក។
ដោយសារតែបែបនេះហើយ ទើបបណ្ដាក្រុមហ៊ុនផលិតបន្ទះសូឡាក្នុងស្រុកបានត្អូញត្អែរថា ពួកគេមិនអាចប្រកួតប្រជែងជាមួយផលិតផលតម្លៃធូរថ្លៃដែលផលិតនៅបរទេសបានឡើយ៕ Bangkok Post៕