អតីតប្រធានាធិបតីទីម័រឡេស្តេកោតសរសើរការសម្តេចតេជោ និងការរៀបចំស៊ីហ្គេមលើកទី៣២

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អតីតប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត លោកKay RaLa Xanana Gusmao បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីឆ្នាំមុន ពិសេសការរៀបចំកម្មវិធី បើកកីឡាស៊ីហ្គេមលើកទី៣២។

អតីតប្រធានាធិបតី បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងកំឡុង ដំណើរបំពេញទស្សនកិច្ចរបស់លោក និងគណៈប្រតិភូរបស់ទីម័រខាងកើត មកកាន់កម្ពុជា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៣។

អតីតប្រធានាធិបតីទីម័រខាងកើត លោក Xanana Gusmao បានមានប្រសាសន៍ថា នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញតួនាទីជាប្រធានអាស៊ានបានយ៉ាងល្អ។ ជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងបញ្ហាដទៃទៀត យើងមិនអាចទាមទារបន្ថែមលើសពីនេះទៀតបានទេ។

លោកបានបន្ថែមថា ចំពោះយើងក៏ដូច្នោះដែរ យើងក៏មានរឿងជាច្រើន ដែលយើងត្រូវពន្យារពេលដោយសារជំងឺកូវីដ១៩ និងបញ្ហាផ្សេងទៀត។

ជាមួយគ្នានេះដែរ លោក Xanana Gusmao ក៏បានកោតសរសើរចំពោះការរៀបចំ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

លោកបញ្ជាក់ថា “ខ្ញុំដឹងថា វាជាក្តីសុបិនរបស់ប្រជាជនកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ។ អ្នកត្រូវរង់ចាំជាង៦០ឆ្នាំ ដើម្បីរៀបចំវា។ វាជាការៀបចំលើកដំបូង ហើយវាពិតជាអស្ចារ្យ និងឥតខ្ចោះ”។លោកបន្តថា “ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការដែលប្រជាជនកម្ពុជា បានរៀបចំខ្លួនជាស្រេច ដើម្បីបង្ហាញទៅអាស៊ាន និងពិភពលោកថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ”។

លោកបានបន្តថា ទាក់ទងនឹងការប្រកួតនេះ វាជាការប្រកួតក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងទីម័រខាងកើតឱ្យកាន់​តែរឹងមាំបន្ថែមទៀត។ កីឡារស់នៅក្នុងសន្តិភាព ហើយកីឡាគឺសំដៅលើសពីក្បាច់គុន

ក្នុងឱកាសនោះ អតីតប្រធានាធិបតី Xanana Gusmao ក៏បានសន្យាថានឹងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់នៅកម្ពុជាលើវិស័យផ្សេងៗ ជាពិសេសវិស័យអប់រំ និងកសិកម្ម ហើយទីម័រខាងកើតបើកទ្វារ សម្រាប់កិច្ចសហប្រតិបត្តិការ ប្រកបដោ​យ​ប្រសិទ្ធភាពជាមួយកម្ពុជា។

អតីតប្រធានាធិបតី Xanana Gusmao បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលរួមការបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២។

នាថ្ងៃទី៦ ខែឧសភា អតីតប្រធានាធិបតី រួមនិងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here