ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យចិន នៅទូទាំងតំបន់ Greater Bay Area កំពុងបង្កើនទីផ្សារលក់អចលនទ្រព្យ លំដាប់ខ្ពស់របស់ពួកគេ ទៅកាន់ប្រជាជនហុងកុង ចំពេលមានកំណើនការលក់ធ្លាក់ចុះនៅក្នុងតំបន់ រួមទាំងនៅទីក្រុង Shenzhen ផងដែរ។
លោក Sammy Po Siu-ming នាយកប្រតិបត្តិនៃផ្នែកលំនៅដ្ឋានរបស់ Midland Realty សម្រាប់ទីក្រុងហុងកុង និងម៉ាកាវ បានមានប្រសាសន៍ថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ នៅក្នុងទីក្រុង Shenzhen បានផ្តល់ការផ្សព្វផ្សាយបន្ថែមទៀត កាលពីខែមុនក្នុងទីក្រុងហុងកុង ដែលអ្នកស្រុកបានបង្ហាញ ពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ចំពោះអចលនទ្រព្យដីគោក ចាប់តាំងពីព្រំដែនបានបើកឡើងវិញ ដោយផ្តល់ជម្រើស នៃការដឹកជញ្ជូនដ៏ងាយស្រួល និងតម្លៃផ្ទះទាបជាងមុន។
ដំណើរទេសចរណ៍អចលនទ្រព្យ នៅក្នុងតំបន់ Greater Bay Area កាន់តែមានប្រជាប្រិយភាព សម្រាប់ជនជាតិហុងកុងក្នុងរយៈពេលពីរខែដំបូង បន្ទាប់ពីព្រំដែនបានបើកឡើងវិញ។
-->
អតិថិជនបានបង្ហាញការចាប់អារម្មណ៍ កាន់តែច្រើនទៅលើផ្ទះនៅតំបន់ Zhuhai និង Zhongshan ដោយសារតម្លៃទាប ដោយផ្ទះល្វែងខ្លះលក់ ក្នុងតម្លៃក្រោម១លានយ័ន ប៉ុន្តែក្រុងShenzhen មានអត្ថប្រយោជន៍បន្ថែម ដោយសាររួមព្រំដែនជាមួយទីក្រុងហុងកុង។
East Pacific Group គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ចុងក្រោយបង្អស់ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ដែលបានរៀបចំផ្សព្វផ្សាយការលក់នៅក្នុងទីក្រុងហុងកុង។
ក្រុមហ៊ុននេះ បានលក់អចលនទ្រព្យ១១យូនីត ក្នុងចំណោម៣០យូនីត នៅក្នុងអំឡុងពេលនៃថ្ងៃ ឈប់សម្រាកទិវាពលកម្មខែឧសភា ជាមួយនឹងតម្លៃលក់ជាមធ្យមជាង៧,៩លានយ័ន។ លើសពីនេះចំនួន៥០% នៃយូនីតទាំងនោះត្រូវបានទិញ ដោយអតិថិជនហុងកុង ជាមួយការបញ្ចុះតម្លៃ១៥ភាគរយ។
ការលក់មានភាពយឺតយ៉ាវ ដោយសារការចំណាយរបស់អ្នកទិញក្នុងស្រុកធ្លាក់ចុះ ក្នុងអំឡុងពេលជំងឺរាតត្បាត។ ដូច្នេះហើយ អ្នកអភិវឌ្ឍន៍មួយចំនួន នៅទូទាំងតំបន់ Greater Bay Area បានកំណត់ក្តីសង្ឃឹមរបស់ពួកគេលើអតិថិជនហុងកុង។
លោក Andy Lee Yiu-chi នាយកប្រតិបត្តិក្រុមហ៊ុន Centaline Property Agency របស់ប្រទេសចិន បានអះអាងថា “ទីផ្សារលំនៅដ្ឋានក្នុងទីក្រុង Shenzhen កំពុងវិលវល់ក្នុងប៉ុន្មានខែថ្មីៗនេះ ដែលបានបន្ថែមសម្ពាធ ដល់អ្នកអភិវឌ្ឍន៍ដីគោក និងបានជំរុញឱ្យពួកគេមួយចំនួនងាកទៅរកទីផ្សារហុងកុង”៕