ដោយ: គង់ លាងហួរ
ហ្សាការតា: ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Jokowi Widodo គ្រោងឲ្យអ្នកធុរកិច្ចខ្លួន ចូលរួមក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលជាការប្តេជ្ញាចិត្ត ក្នុងការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
យោងតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បានឱ្យដឹងថា លោកប្រធានាធិបតីបានថ្លែងបែបនេះដោយផ្ទាល់ក្នុងជំនួបទ្វេរភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុង Labuan Bajo កាលពីថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។
-->
លោកស្រី Retno បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំទ្វេរភាគីនោះថា “ប្រទេសឥណ្ឌូនេស៊ីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តធ្វើឱ្យប្រសើរឡើង នូវភាពជាដៃគូសេដ្ឋកិច្ច រួមទាំងការចង់ចូលរួម ក្នុងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ជាពិសេសការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ” ។
កិច្ចប្រជុំទ្វេរភាគីឥណ្ឌូនេស៊ី-កម្ពុជារៀបចំធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតី Jokowi dodo បានដឹកនាំសម័យប្រជុំពេញអង្គនៃការបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំ លោកប្រធានាធិបតីបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់កម្ពុជា សម្រាប់ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២៣របស់ប្រទេសឥណ្ឌូនេស៊ី និងបានអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសុំទោសចំពោះឧប្បត្តិហេតុ កាន់ទង់ជាតិឥណ្ឌូនេស៊ីបញ្រ្ចាស ក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីថ្ងៃសុក្រ ទី៥ ខែឧសភាផងដែរ។ជំនួបរវាងលោកប្រធានាធិបតី Jokowi dodo ជាមួយសម្តេចតេជោ គឺជាជំនួបទ្វេរភាគីលើកទី៥ ដែលរៀបចំដោយប្រទេសឥណ្ឌូនេស៊ី នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុង Labuan Bajo។
លើសពីនេះទៀត កាលពីថ្ងៃអង្គារ ទី៨ ខែឧសភាកន្លងទៅ ប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានជួបពិភាក្សាទ្វេរភាគី ជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នាយករដ្ឋមន្ត្រី Timor Leste លោក Taur Matan Ruak នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim និងនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandoneផងដែរ៕