ដោយៈ សុខុម
ប៉ារីស: សម្រាប់អ្នកដែលមានក្ដីស្រមៃ ចង់ទទួលទានអាហារនៅគែមលំហអវកាស (Edge of Space) ដែលស្ថិតនៅចន្លោះបរិយាកាសរបស់ភពផែនដី និងទីវអកាស នឹងអាចសម្រេចក្ដីស្រមៃរបស់ខ្លួនឱ្យក្លាយជាការពិតនៅឆ្នាំក្រោយ ប្រសិនបើក្រុមហ៊ុនបារាំង Zephalto អាចធ្វើបានតាមសន្យាមែន។
តម្លៃសំបុត្រនេះ គឺ១៣០,០០០ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់។
ក្រុមហ៊ុនបណ្តាក់ទុន លើវិស័យទេសចរណ៍អវកាសនេះ ដែលបង្កើតឡើង ដោយអតីតអ្នកត្រួតពិនិត្យចរាចរណ៍ ផ្លូវអាកាសលោក Vincent Farret d’Astiès បច្ចុប្បន្នកំពុងលក់ “សំបុត្រកក់ទុកមុន” សម្រាប់ការធ្វើដំណើរ នាពេលខាងមុខតាមយាន Celeste ដែលភ្ជាប់ជាមួយបាឡុង។
-->
យាន Celeste នឹងហោះឡើងទៅលើអាកាស ក្នុងរយៈកម្ពស់២៥គីឡូម៉ែត្រ ដែលអនុញ្ញាតឱ្យភ្ញៀវអាចទទួលទានអាហារ ក្រេបរសជាតិស្រាល្អៗបណ្ដើរ ខណៈគយគន់ទេសភាព នៅគន្លងតារាវិថីជុំវិញភពផែនដីបណ្ដើរយ៉ាងអស្ចារ្យ។
ក្រុមហ៊ុន Zephalto បានប្រាប់សារព័ត៌មាន CNN Travel កាលពីពេលថ្មីៗនេះថា កៅអីនៅលើជើងហោះហើរ ដំបូងចាប់ពីចុងឆ្នាំ២០២៤ ដល់ពាក់កណ្តាលឆ្នាំ២០២៥ ត្រូវបានលក់អស់ហើយ ហើយពេលនេះ ក្រុមហ៊ុនកំពុងបន្តលក់កន្លែងកក់ទុកមុន សម្រាប់ពាក់កណ្តាលឆ្នាំ២០២៥ ឡើងទៅ។
ក្រុមហ៊ុនបញ្ជាក់ថា យាន Celeste នឹងមានសមត្ថភាពដឹកអ្នកដំណើរចំនួន៦នាក់ និងអ្នកបញ្ជាយាន២នាក់ ទៅដល់រយៈកម្ពស់អតិបរមាក្នុងរយៈពេលត្រឹមតែ៩០នាទី ជាមួយនឹងល្បឿន៤គីឡូម៉ែត្រក្នុងមួយវិនាទី។ បន្ទាប់មក យាននេះនឹងអណ្តែតពីលើផែនដីរយៈពេល៣ម៉ោង ដែលផ្តល់ពេលវេលាគ្រប់គ្រាន់ សម្រាប់ឱ្យអ្នកដំណើររីករាយជាមួយអាហារប្រណីតៗ និងស្រាបារាំង ល្អៗជាច្រើនកែវអំឡុងដំណើរកម្សាន្តរបស់ពួកគេ៕ CNN៕