តើប្រធានាធិបតីអ៊ុយក្រែនប្ដេជ្ញាចិត្តដូចម្តេចដើម្បីយកឈ្នះសង្គ្រាមលើរុស្ស៊ីនៅឆ្នាំនេះ?

0

ដោយៈ សុខុម

ប៊ែរឡាំង: ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រកាសពីទីក្រុងប៊ែរឡាំង កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ថា រដ្ឋាភិបាលទីក្រុងគៀវ និងលោកខាងលិច ដែលជាអ្នកគាំទ្ររបស់ខ្លួន នឹងធ្វើឱ្យប្រទេសរុស្ស៊ីទទួលបរាជ័យ ក្នុងសង្គ្រាមនៅអ៊ុយក្រែន “ឱ្យខាងតែបាន” នៅឆ្នាំនេះ។

លោក Zelenskiy អំឡុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងប៊ែរឡាំង បានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រទេសអាល្លឺម៉ង់ ដែលធ្វើជា “មិត្តល្អពិតប្រាកដក្នុងគ្រាមានអាសន្ន” ដោយរដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសផ្តល់ជំនួយយោធាដល់អ៊ុនក្រែន រហូតដល់ទៅ៣ពាន់លានដុល្លារ កាលពីថ្ងៃសៅរ៍ ទី១៣ ខែឧសភា។នេះគឺជាកញ្ចប់ជំនួយដ៏ធំបំផុត សម្រាប់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz លោក Zelenskiy បានលើកឡើងថា “ពេលនេះគឺជាពេលវេលា សម្រាប់យើងកំណត់ការបញ្ចប់ សង្រ្គាមនៅឆ្នាំនេះហើយ។ យើងអាចធ្វើឱ្យជនឈ្លានពាន ទទួលបរាជ័យឱ្យខាងតែបាននៅឆ្នាំនេះ”។

ទន្ទឹមនឹងនោះ លោក Olaf Scholz បានគូសបញ្ជាក់ជាថ្មីថា អាល្លឺម៉ង់ សន្យាបន្តជួយគាំទ្រអ៊ុយក្រែន ឱ្យបានយូរតាមដែលអាចធ្វើទៅបាន ប៉ុន្តែបានច្រានចោលសំណួរ អំពីភាពតានតឹងមុននេះ ក្នុងទំនាក់ទំនងទ្វេរភាគី និងសំណួរមួយទៀត អំពីក្តីសង្ឃឹមរបស់ទីក្រុងគៀវ ក្នុងការចូលរួមក្លាយជាសមាជិក របស់អង្គការបក្សសម្ព័ន្ធយោធា NATO។

អាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប បានប្រឈមមុខនឹងការរិះគន់ នៅពេលផ្ទុះសង្រ្គាមឈ្លានពានអ៊ុយក្រែន ភ្លាមៗដោយ​សារប្រទេសនេះ ធ្វើការឆ្លើយតបបែបស្ទាក់ស្ទើរ។ ទោះជាយ៉ាងណា ពេលនេះអាល្លឺម៉ង បានស្ថិតក្នុងចំណោមអ្នកផ្តល់ ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាដ៏ធំបំផុតសម្រាប់អ៊ុយក្រែន។

តាមការរំពឹងទុក អ៊ុយក្រែន នឹងចាប់ផ្តើមបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីដណ្តើមយកតំបន់ភាគខាងកើត និងខាងត្បូងរបស់ខ្លួនពីកងកម្លាំងរុស្ស៊ី មកវិញ។

ក្នុងដំណើរទស្សនកិច្ចលើកដំបូង របស់លោកទៅកាន់ប្រទេសអាល្លឺម៉ង់ ចាប់តាំងពីរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន លោក Zelenskiy បាននិយាយថា រដ្ឋាភិបាលទីក្រុងគៀវ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចានៅក្រៅប្រទេស ជុំវិញគំនិតផ្តួចផ្តើមសន្តិភាពនានា ដែលស្នើឡើងដោយប្រទេសផ្សេងៗទៀត ប៉ុន្តែថា សំណើទាំងនោះ ត្រូវតែផ្អែកលើជំហររបស់អ៊ុយក្រែន និងផែនការសន្តិភាពរបស់ខ្លួន៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here