ដោយៈ គង់ សូរិយា
ភ្នំពេញៈ អភិបាលខេត្តកោះកុងលោកជំទាវភូថង មិថុនាបានបញ្ជាក់ឲ្យដឹងពីមូលហេតុ ដែលព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង អាចពន្យាពេលបើកដំណើរការសារជាថ្មី។
លោកជំទាវបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា គម្រោងដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិ តារាសាគរខេត្តកោះកុង អាចនឹងត្រូវលើកពេលបន្តទៀត ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវការពេលវេលាបន្ថែម ដើម្បីបញ្ចប់ការសាងសង់ និងកែប្រែចំណុចខ្វះខាត ដែលនៅសេសសល់ មុននឹងអាចបើកដំណើរការសាកល្បងបាន។
លោកជំទាវបញ្ជាក់ទៀតថា “គម្រោងដាក់ឱ្យដំណើរការនេះទំនង ជាអាចត្រូវពន្យារទៅពេលក្រោយទៀត ដោយសារមកទល់ពេលនេះ ក្រុមហ៊ុនអភិវឌ្ឍន៍មិនទាន់ បានបញ្ជាក់ពីភាពរួចរាល់របស់ខ្លួននៅឡើយ”។
យ៉ាងណាលោកស្រី មិថុនា ភូថង បានបង្ហាញសុទិដ្ឋិនិយមថា ក្រោយព្រលានយន្តហោះនេះ ដាក់ឱ្យដំណើរការវានឹងជួយធ្វើឱ្យវិស័យទេសចរណ៍របស់ខេត្តនេះ កាន់តែមានភាពរីកចម្រើនបន្ថែមទៀត ពិសេសជួយស្រូបទាញភ្ញៀវទេសចរបរទេស ឱ្យមកកម្សាន្តនៅខេត្តនេះកាន់តែច្រើនថែមទៀត។ លើសពីនេះព្រលានយន្តហោះនេះ នឹងរួមចំណែកជួយសម្រួល ដល់ការដឹកជញ្ជូនតាមផ្លូវអាកាស ទាក់ទាញការវិនិយោគ និងជំរុញការធ្វើពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសផ្សេងៗជាដើម។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ឲ្យដឹងថា គម្រោងដាក់ឱ្យដំណើរការហោះហើរសាកល្បង នៅពាក់កណ្តាលឆ្នាំនេះ អាចនឹងត្រូវពន្យារពេលបន្ថែមទៀតពិតមែន៕