ដោយៈសុខុម
ឌូបៃ: ទីក្រុងឌូបៃ ដែលមានកិត្យានុភាពល្បីរន្ទឺ ដោយសារតែមានអគារខ្ពស់បំផុតក្នុងពិភពលោក Burj Khalifa កម្ពស់៨២៩,៨ម៉ែត្រ និងអគារខ្ពស់កប់ពពកជាច្រើនទៀតនោះ នៅពេលនេះគ្រោងសាងសង់ “គម្រោងស្ដារសម្បទាសមុទ្រ” (Ocean Restoration Project) ធំបំផុតរបស់ពិភពលោក។
ប្រសិនបើសាងសង់ តាមការគ្រោងទុកមែននោះ គម្រោងដែលមានឈ្មោះថា Dubai Reefs នេះនឹងមានថ្មប៉ប្រះទឹកសិប្បនិមិត្ត២០០គីឡូម៉ែត្រការ៉េ ដែលនឹងផ្ដល់ជម្រកដល់ផ្កាថ្ម ជាង១ពាន់លានផ្កាថ្ម និងដើមកោងកាងជាង១០០លានដើម។
-->
ប្លង់គម្រោងនេះ ត្រូវបានប្រកាសនៅសប្តាហ៍នេះ ដោយ URB ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុង ប្រកបដោយនិរន្តរភាពមានមូលដ្ឋាននៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត។ ក្រុមហ៊ុននេះធ្លាប់បញ្ចេញស្នាដៃឌីហ្សាញល្បីៗជាច្រើន រួមទាំងគម្រោងផ្លូវហាយវ៉េមានដំបូលគ្របបិទជិតនៅក្រុងឌូបៃ និងគម្រោងទីក្រុងប្រកបដោយនិរន្តរភាពនៅប្រទេសអេហ្ស៊ីប និងអាហ្វ្រិកខាងត្បូងផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុន URB លោក Baharash Bagherian បានប្រាប់សារព័ត៌មាន CNN តាមរយៈអ៊ីម៉េលថា “សុខភាពនៃទីក្រុងរបស់យើង គឺជាប់ទាក់ទងនឹងសុខភាព នៃសមុទ្ររបស់យើង”។ លោកបន្តថា “យើងត្រូវការស្មារតីសហគ្រិនភាព ក្នុងការធ្វើផែនការទីក្រុងជាប់មាត់ឆ្នេរ”។
ទន្ទឹមនឹងថ្មប៉ប្រះទឹកសិប្បនិមិត្ត ក្រុមហ៊ុន URB ក៏បានឌីហ្សាញប្លង់លំនៅដ្ឋានបណ្តែតទឹក សណ្ឋារគារ ភោជនីយដ្ឋាន កន្លែងលក់រាយ និងផ្ទះសំណាក់ធម្មជាតិផ្សេងៗផងដែរ ដែលនឹងធ្វើឱ្យទីតាំងនេះក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។
នៅចំចំណុចកណ្តាល នៃគម្រោងនេះ នឹងមានវិទ្យាស្ថានសមុទ្រមួយ សម្រាប់ការស្រាវជ្រាវអំពីមហាសមុទ្រ និងការការពារបរិស្ថានឆ្នេរនៃទីក្រុងឌូបៃ។ វិទ្យាស្ថាននេះ ក៏នឹងផ្តល់កម្មវិធីអប់រំជុំវិញការអភិរក្សសមុទ្រផងដែរ។
ក្រុមហ៊ុន URB អះអាងថា ទីតាំងនេះនឹងដំណើរការដោយថាមពលកកើតឡើងវិញ១០០% ដែលផលិតចេញពីស្ថានីយសូឡា ស្ថានីយវារីអគ្គិសនី និងស្ថានីយរលក ខណៈកសិដ្ឋានចិញ្ចឹមសារាយ និងអយស្ទ័រសមុទ្រ ដើរតួនាទីជាអ្នកផលិតស្បៀងអាហារ។

ប្រសិនបើការសាងសង់ដំណើរការទៅមុខ តាមការគ្រោងទុកមែន ក្រុមហ៊ុនអភិវឌ្ឍន៍រំពឹងថា នឹងបញ្ចប់ការសាងសង់គម្រោងនេះនៅត្រឹមឆ្នាំ២០៤០ ប៉ុន្តែបានធ្វើការកត់សម្គាល់ថា គម្រោងនេះនឹងជួបបញ្ហាប្រឈមក្នុងការធានាថា គំនិតផ្តួចផ្តើមនេះអាចទទួលបានហិរញ្ញប្បទាន ពីវិស័យឯកជនទាំងស្រុងដែរឬទេ។
ទោះជាយ៉ាងណាគ្មានការបង្ហើបឱ្យដឹង ពីទំហំចំណាយសម្រាប់គម្រោងខ្នាតយក្សនេះដែរ៕ CNN៕
