UNព្យាករកំណើនសេដ្ឋកិច្ចពិភពលោកក្នុងសុទិដ្ឋិនិយម សម្រាប់ឆ្នាំ២០២៤

0

ដោយៈ សុខុម

ញូយ៉ក: កំណើនសេដ្ឋកិច្ចពិភពលោក ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់២,៣% ក្នុងឆ្នាំនេះ ដោយកើនឡើង០,៤% ពីការព្យាករក្នុងខែមករា។

នេះបើយោងតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៦ ឧសភា។

របាយការណ៍ស្តីពីស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលចេញផ្សាយដោយនាយកដ្ឋាន កិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា “ទោះបីជាកើនឡើងក្ដី ក៏អត្រាកំណើននេះនៅតែទាប ជាងអត្រាកំណើនជាមធ្យមក្នុងរយៈពេលពីរទសវត្សរ៍មកនេះ និងបើធៀបនឹងអត្រា៣,១%ក្នុងពេលវិបត្តិកូវីដ-១៩”។

ការព្យាករណ៍របស់អង្គការសហប្រជាជាតិនេះ គឺទាបជាងការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបាននិយាយកាលពីដើមឆ្នាំនេះថា កំណើនសេដ្ឋកិច្ចពិភពលោក នឹងធ្លាក់ចុះមកនៅត្រឹម២,៩%ក្នុងឆ្នាំ២០២៣ ដោយធ្លាក់ចុះពី៣,៤%ក្នុងឆ្នាំ២០២២ ហើយសម្រាប់ឆ្នាំ២០២៤ នឹងកើនឡើងបន្តិចវិញឈានដល់៣,១%។

អង្គការសហប្រជាជាតិនិយាយថា ខណៈទស្សនវិស័យសេដ្ឋកិច្ចសម្រាប់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន មានភាពប្រសើរឡើង “សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ទស្សនវិស័យកំណើនបានធ្លាក់ចុះ ស្របពេលមានការរឹតបន្តឹង លក្ខខណ្ឌផ្ដល់ឥណទាន និងថ្លៃចំណាយកើនឡើង សម្រាប់ហិរញ្ញប្បទានពីក្រៅប្រទេស”។

របាយការណ៍ដដែលបានបញ្ជាក់ថា “បណ្ដាប្រទេសអភិវឌ្ឍន៍តិចតួចត្រូវបានព្យាករថា នឹងសម្រេចបានកំណើន ក្នុងរង្វង់៤,១%ក្នុងឆ្នាំ២០២៣ និង៥,២%ក្នុងឆ្នាំ២០២៤ ដែលទាបជាងឆ្ងាយបើធៀបនឹងគោលដៅកំណើន៧% ដែលបានកំណត់ក្នុងរបៀបវារៈឆ្នាំ២០២៣ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព”។

អង្គការសហប្រជាជាតិបានព្យាករថា សហរដ្ឋអាមេរិកនឹងសម្រេ​ចបានកំណើន១,១%ក្នុងឆ្នាំ២០២៣ ដោយកើនឡើងពី០,៤%ដែលត្រូវបានព្យាករក្នុងខែមករា សហភាពអឺរ៉ុប នឹងសម្រេចបានកំណើន០,៩%ក្នុងឆ្នាំ២០២៣ ដោយកើនឡើងពី០,២% ហើយប្រទេស​ចិន នឹងសម្រេចបានកំណើន៥,៣% ដោយកើនឡើងពី៤,៨%៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here