សមាគមទុរេនស្រុកសំឡូតស្វែងរកឱកាសទទួលបានទីផ្សារនាំចេញផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិន

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: កាលពីពេលថ្មីៗនេះ បណ្តុំអាជីវកម្មទុរេនសំឡូត ដែលជាសមាគមទុរេនដែលមានមូលដ្ឋាននៅក្នុងខេត្តបាត់ដំបង របស់កម្ពុជា បានជួបប្រជុំជាមួយអ្នកវិនិយោគមួយចំនួន ដើម្បីពិភាក្សាអំពីឱកាសនាំចេញទុរេនទៅកាន់ប្រទេសចិន បើទោះបីជាទុរេនកម្ពុជាមិនទាន់ទទួលបានទីផ្សារដ៏កម្រនេះយ៉ាងណាក្តី។

ស្រុកសំឡូត ខេត្តបាត់ដំបង ធ្លាប់ជាតំបន់ផ្ទុះសង្គ្រាម ដោយមានគ្រាប់មីនរាយប៉ាយពាសពេញ ទោះបីជាយ៉ាងនេះ ចាប់តាំងពីពេលនោះមក វាត្រូវបានអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ និងជាមូលដ្ឋានផលិតកម្មកសិកម្ម ដែលត្រូវបានគេស្គាល់សម្រាប់ការដាំដុះទ្រង់ទ្រាយធំដូចជា មៀន សាវម៉ាវ ផ្លែបឺរ មង្ឃុត ទុរេន ដំឡូងមី និងម្ទេស។ បណ្តុំអាជីវកម្មទុរេនសំឡូតត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយមន្ទីរកសិកម្មខេត្តបាត់ដំបងក្នុងគោលបំណងធ្វើឱ្យការគ្រប់គ្រងផលិតកម្មងាយស្រួល និងធានាគុណភាពផ្លែឈើ។

លោក ណៃ ចន ប្រធានបណ្ដុំអាជីវកម្មដំណាំទុរេន បានសម្តែងការព្រួយបារម្ភខ្លះៗអំពីការនាំចេញទុរេនទៅកាន់ប្រទេសចិន ទោះបីជាលោកបានជួបជាមួយក្រុមហ៊ុនបរទេសជាច្រើនដែលចាប់អារម្មណ៍ក្នុងការនាំចូលទុរេនពីស្រុកសំឡូតយ៉ាងណាក្តី។ លើសពីនេះ សមាគមក៏បានចូលរួមពិភាក្សាជាច្រើនជាមួយមន្ទីរកសិកម្មខេត្តបាត់ដំបង ទាក់ទងនឹងការនាំចេញទុរេនទៅកាន់ប្រទេសចិនផងដែរ។

លោក ណៃ ចន បានអះអាងថា “កាលពីមុន ក្រុមហ៊ុនចិនគ្រាន់តែចាប់អារម្មណ៍ចង់ដឹងពីបរិមាណផ្គត់ផ្គង់ប្រចាំឆ្នាំប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះពួកគេទាមទារទិន្នន័យលម្អិតបន្ថែមទៀត”។ សមាគមសម្តែងការព្រួយបារម្ភថា ប្រសិនបើពួកគេចុះកិច្ចសន្យាជាមួយគ្នា ប៉ុន្តែមិនអាចបំពេញតាមតម្រូវការដែលបានកំណត់ វាអាចនាំឱ្យមានផលវិបាក។

នៅពាក់កណ្តាលឆ្នាំ២០២២ មន្ទីរកសិកម្មខេត្តបាត់ដំបងបានដឹកនាំក្រុមអាជីវករចិន និងថៃទៅទស្សនាចម្ការទុរេនដែលជាកម្មសិទ្ធិរបស់បណ្តុំអាជីវកម្មដំណាំទុរេនស្រុកសំឡូត។ នៅពេលនោះ អាជីវករចិនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរសជាតិ និងគុណភាពនៃទុរេនក្នុងស្រុក ហើយពួកគេថែមទាំងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំចូលទុរេនកកពីស្រុកសំឡូតតាមរយៈប្រទេសថៃផងដែរ។

បើយោងតាមលោក ណៃ ចន បានឱ្យដឹងទៀតថា ទុរេនសំឡូតមានគុណភាពល្អ និងរសជាតិឆ្ងាញ់ ប៉ុន្តែលោកក៏បានទទួលស្គាល់ថា យើងមានឧបសគ្គសំខាន់ៗក្នុងការបង្កើនបរិមាណផ្គត់ផ្គង់ និងការបំពេញតាមតម្រូវការអនាម័យ។

លោកហេង សិទ្ធីមន្ត្រីនៃមន្ទីរកសិកម្មខេត្បាត់ដំបងបានមានប្រសាសន៍ថា ខណៈដែលក្រសួងកសិកម្មកម្ពុជានិង មន្ទីរពាក់ព័ន្ធទទួលខុសត្រូវក្នុងការស្វែងរកទីផ្សារ និងអ្នកទិញសក្តានុពលសម្រាប់កសិករ ប៉ុន្តែការចរចានាំចេញ អាស្រ័យលើក្រុមអ្នកវិនិយោគ។

នៅក្នុងខេត្តបាត់ដំបង ទុរេនត្រូវបានគេដាំដុះតែនៅស្រុកសំឡូតទេ ដែលមានផ្ទៃដីដាំសរុបទំហំ៥៤៦ហិកតា។ ក្នុង ចំណោមផ្ទៃដីសរុបនេះ៧៦%អាចប្រមូលផលបានហើយដោយមានទិន្នផលជាមធ្យម១២តោនក្នុងមួយហិកតា និង ទិន្នផលប្រចាំឆ្នាំលើសពី៥០០០តោន។

ទន្ទឹមនឹងនេះក្រសួងកសិកម្ម កម្ពុជាបានបញ្ជាក់ថាបច្ចុប្បន្នប្រទេសកម្ពុជាមិនមានទីផ្សារក្រៅប្រទេស សម្រាប់នាំចេញផ្លែទុរេនោះទេ ខណៈដែលបរិមាណផលិតទុរេនកម្ពុជានៅមានកម្រិតនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here