ដោយៈ សុខុម
វ៉ាស៊ីនតោន: សហរដ្ឋអាមេរិក និងតៃវ៉ាន់ បានឈានដល់កិច្ចព្រមព្រៀងដំបូង នៃគំនិតផ្តួចផ្តើមពាណិជ្ជកម្ម “សតវត្សរ៍ទី២១” របស់ពួកគេដែលគ្របដណ្តប់លើនីតិវិធីគយ និងព្រំដែន ការអនុវត្តបទប្បញ្ញត្តិ និងអាជីវកម្មខ្នាតតូច។
ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ថា បន្ទាប់ពីកិច្ចព្រមព្រៀងដំបូងនៃគំនិតផ្តួចផ្តើមអាមេរិក -តៃវ៉ាន់ស្តីពី ពាណិជ្ជកម្មសតវត្សរ៍ទី២១ (US-Taiwan Initiative on 21st Century Trade) នេះត្រូវបានចុះហត្ថលេខា ការចរចានឹងចាប់ផ្តើមលើផ្នែកពាណិជ្ជកម្ម ដែលកាន់តែមានភាពស្មុគស្មាញផ្សេងៗទៀត រួមមាន វិស័យកសិកម្ម ពាណិជ្ជកម្មឌីជីថល ស្តង់ដារការងារ និងបរិស្ថាន សហគ្រាសរដ្ឋ និងគោលនយោបាយ និងការអនុវត្តមិនមែនទីផ្សារផងដែរ។
-->
លោកស្រី Katherine Tai តំណាងពាណិជ្ជកម្មអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀងនេះពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ និងបង្ហាញថា ពួកគេអាចធ្វើការជាមួយគ្នាបានដើម្បីជំរុញអាទិភាពពាណិជ្ជកម្ម សម្រាប់ប្រជាជនរបស់ពួកគេ។
លោកស្រីថ្លែងថា “យើងទន្ទឹងរង់ចាំការបន្តការចរចា ទាំងនេះ និងឈានទៅសម្រេចបាន នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏រឹងមាំ និងមានស្តង់ដារខ្ពស់ ដែលដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ច ក្នុងសតវត្សទី២១”។
ការិយាល័យចរចាពាណិជ្ជកម្ម (Office of Trade Negotiations) របស់តៃវ៉ាន់ តាមរយៈសេចក្តីថ្លែងការណ៍បានចាត់ទុកកិច្ចព្រមព្រៀងនេះថា “មានសារៈសំខាន់ខ្លាំងជាប្រវត្តិសាស្ត្រ” ហើយថា តៃវ៉ាន់ មានបំណងបញ្ចប់ការចរចា លើបញ្ហាដែលនៅសល់ទាំងអស់នៅចុងឆ្នាំនេះ។
តាមការរំពឹងទុក កិច្ចព្រមព្រៀងនេះ នឹងមិនកែប្រែពន្ធលើទំនិញនោះទេ ប៉ុន្តែក្រុមអ្នកគាំទ្រនិយាយថា វានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ បើកចំហកោះនេះស្វាគមន៍ការនាំចេញរបស់សហរដ្ឋអាមេរិក កាន់តែច្រើនថែមទៀត និងបង្កើនសមត្ថភាពរបស់តៃវ៉ាន់ ក្នុងការទប់ទល់នឹងការបង្ខិតបង្ខំ ផ្នែកសេដ្ឋកិច្ចពីសំណាក់ប្រទេសចិន៕ Reuters៕