ដោយៈ សុខុម
ក្រុងរីយ៉ាដ: ក្នុងឆ្នាំ២០០៨ ព្រះអង្គម្ចាស់ដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ Alawali Bintalal នៃប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហើបឱ្យដឹងថា ទ្រង់គ្រោងសាងសង់អគារកម្ពស់១.០០០ម៉ែត្រដំបូងបង្អស់ ក្នុងពិភពលោក Jeddah Tower ហើយជាលទ្ធផលការសាងសង់អគារនេះ ក៏បានចាប់ផ្ដើមពិតប្រាកដនៅខែមេសា ឆ្នាំ២០១៣។
បើគិតមកទល់ពេលនេះ វាមានរយៈពេល១០ឆ្នាំគត់ទៅហើយ តើការសាងសង់អគារដែលវ៉ាឈ្នះ អគារខ្ពស់បំផុតក្នុងពិភពលោកបច្ចុប្បន្ន Burj Khalifa កម្ពស់៨២៨ម៉ែត្រនៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត នេះដំណើរការដល់ណាហើលពេលនេះ?។
-->
តាមការគ្រោងទុក អគារកម្ពស់១.០០០ម៉ែត្រ Jeddah Tower ជាមួយទំហំទុនវិនិយោគ១,២ពាន់លានដុល្លារ នេះគ្រោងនឹងសាងសង់បញ្ចប់ជាស្ថាពរក្នុងឆ្នាំ២០២០ ប៉ុន្តែស្ថានភាពបានប្រែប្រួលដែលធ្វើឱ្យអគារនេះបានជាប់គាំងពាក់កណ្ដាលទី។ នេះបើយោងតាមគេហទំព័រ The B1M បានចុះផ្សាយកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។
បច្ចុប្បន្នអគារដែលស្ថិតនៅចន្លោះ ទីក្រុងដ៏ពិសិដ្ឋបំផុតពីរគឺទីក្រុងមេហ្គា (Mecca) និងទីក្រុងមេឌីណា (Medina) នេះសាងសង់បានត្រឹមតែប្រមាណ៣០០ម៉ែត្រ ឬស្មើនឹងប្រមាណ១ភាគ៣ប៉ុណ្ណោះ ហើយបានជាប់គាំងកណ្ដាលទីរហូតមកទល់ពេលនេះ។

អគារនេះនឹងក្លាយជានិមិត្តរូប នៃទីក្រុងសេដ្ឋកិច្ចជេដា (Jeddah) ជាមួយនឹងគោលបំណងជំរុញ កំណើនសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈការនាំមកនូវភ្ញៀវទេសចរកាន់តែច្រើន។
ប្រសិនបើការងារសាងសង់ ចាប់ផ្ដើមបន្តដំណើរការឡើងវិញ បញ្ហាប្រឈមដ៏សំខាន់ ដែលត្រូវដោះស្រាយគឺបញ្ហាវិស្វកម្ម។
*អ្វីជាមូលហេតុចម្បងដែលនាំឱ្យការសាងសង់អគារនេះជាប់គាំងរហូតមកទល់ពេលនេះ?
មូលហេតុដ៏ចម្បង ដែលនាំឱ្យការងារសាងសង់អគារ Jeddah Tower ជាប់គាំងកណ្ដាលទីបែបនេះ គឺដោយសារវិបត្តិនយោបាយ និងវិបត្តិកូវីដ-១៩ ហើយគម្រោងនេះ អាចនឹងបញ្ចប់ការសាងសង់យឺតជាងផែនការដើមប្រមាណជិត១៥ឆ្នាំ។
ឥស្សរជនដ៏សំខាន់២រូប ដែលស្ថិតនៅពីក្រោយគម្រោងអគារនេះគឺព្រះអង្គម្ចាស់ Alawali Bintalal និងលោក Barkar Bin Laden ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៧ ពីបទសង្ស័យប្រព្រឹត្តអំពើពុករលួយ ប៉ុន្តែទីបំផុតលោកទាំងពីរក៏ត្រូវបានដោះលែងវិញ។
ការចោទប្រកាន់ករណីប្រព្រឹត្តអំពើពុករលួយ និងជម្លោះការងារតាមក្រោយជាបន្តបន្ទាប់ក្នុងឆ្នាំ២០១៨ បានធ្វើឱ្យក្រុមហ៊ុនរបស់លោក Barkar Bin Laden មិនអាចទទួលបានហិរញ្ញប្បទាន ដើម្បីបន្តការសាងសង់៕ The B1M៕