ក្រុមហ៊ុនអចលនទ្រព្យថៃងាកទៅសាងសង់ខុនដូតម្លៃទាបសមរម្យ ខណៈអំណាចនៃការទិញធ្លាក់ចុះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន Sena Development Plc ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនថៃ SET គ្រោងអភិវឌ្ឍគម្រោងខុនដូតម្លៃទាប និងតម្លៃសមរម្យបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការថយចុះសក្តានុពលនៃកម្លាំងទិញដែលបណ្តាលមកពីតម្លៃលំនៅដ្ឋានកាន់តែខ្ពស់។

លោក Atika Boonrodchoo ជំនួយការនាយកគ្រប់គ្រងរបស់ក្រុមហ៊ុនបានមានប្រសាសន៍ថា តម្លៃលំនៅដ្ឋានត្រូវបានគេរំពឹងថានឹងកើនឡើង៥% នៅឆ្នាំ២០២៣នេះ ដោយសារការកើនឡើងនៃតម្លៃសំណង់ រួមទាំងសម្ភារៈ និងប្រាក់ឈ្នួលកម្មករ។

លោកស្រី​បន្ត​ថា​ “អំណាច​ទិញ​អាច​នឹង​មិន​អាច​កែសម្រួល​បាន​ស្រប​តាម​តម្លៃ​លំនៅដ្ឋាន​ខ្ពស់​នោះ​ទេ ហើយជាការឆ្លើយតប យើងនឹងដាក់ចេញគម្រោងខុនដូដែលមានតម្លៃសមរម្យបន្ថែមទៀតនៅក្នុងទីតាំងនៅខាងក្រៅទីក្រុងបាងកក ដែលតម្លៃនៃការអភិវឌ្ឍន៍ទាបជាងបើធៀបនឹងតំបន់ខាងក្នុងទីក្រុង”។

ខណៈដែលរដ្ឋាភិបាលថៃថ្មីអាចដំឡើងប្រាក់ឈ្នួលអប្បបរមា ក្រុមហ៊ុននឹងតាមដានយ៉ាងដិតដល់នូវគោលនយោបាយ និងវាយតម្លៃថាតើការអនុវត្តនេះនឹងធ្វើឡើងភ្លាមៗ ឬជាដំណាក់កាល។

លោកស្រី​បាន​បញ្ជាក់ថា​ “យើង​នឹង​ខិតខំ​រក្សា​តុល្យភាព​ឱ្យបានល្អ​ប្រសើរចំ​ពេល​មាន​ស្ថានភាព​ដ៏លំបាក​ ហើយយើង​នឹង​ធ្វើ​ការ​ជាមួយ​អ្នក​ម៉ៅការ​ដើម្បី​កែសម្រួល​ការ​ចំណាយ​មួយ​ចំនួន​ដើម្បី​ទប់ទល់​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល”។

លោកស្រីបានបន្ថែមទៀតថា “នេះអាចឱ្យក្រុមហ៊ុនរក្សាការចំណាយក្នុងកម្រិតសមហេតុផលសម្រាប់ការលក់ផលិតផល និងកាត់បន្ថយផលប៉ះពាល់លើប្រាក់ចំណេញ និងអំណាចទិញរបស់អតិថិជន”។

ដោយសារអតិថិជននៅក្រៅប្រទេសភាគច្រើនរបស់ក្រុមហ៊ុនគឺជាជនជាតិចិន ដូចនេះក្រុមហ៊ុននឹងតាមដានយ៉ាងដិតដល់នូវគោលនយោបាយបរទេសរបស់រដ្ឋាភិបាលថៃថ្មី ហើយក្រុមហ៊ុននេះនឹង​កែ​សម្រួល​យុទ្ធសាស្ត្រ​ឱ្យ​ស្រប​ទៅតាម​ស្ថានភាព​វិវត្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here