ដោយ៖ សុខុម
ប៉េកាំង: យោងតាមការស្ទង់មតិមួយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញថា តម្លៃផ្ទះថ្មីក្នុងទីផ្សារប្រទេសចិន នឹងហក់ឡើងតិចតួចក្នុងឆ្នាំ២០២៣។
នេះឆ្លុះបញ្ចាំងឱ្យឃើញថា តម្រូវការលំនៅដ្ឋានបន្ទាប់ពីប្រទេសចិន បើកដំណើរការសេដ្ឋកិច្ចឡើងវិញកំពុងតែធ្លាក់ចុះ ទោះបីជាការដាក់ចេញគោលនយោបាយជំរុញសេដ្ឋកិច្ចជាបន្តបន្ទាប់បានធ្វើឱ្យទំនុកចិត្តក្នុងទីផ្សារប្រសើរឡើងយ៉ាងណាក្ដី។
-->
គោលនយោបាយជំរុញសេដ្ឋកិច្ចដែលត្រូវបានដាក់ចេញជាបន្តបន្ទាប់ដើម្បីដោះស្រាយវិស័យអចលនទ្រព្យចិន ដែលកំពុងជួបវិបត្តិ និងការដកចេញនូវវិធានការបន្តឹងកូវីដ-១៩ ដ៏តឹងរុឹងក្នុងខែធ្នូ ចុងឆ្នាំ២០២២ បានធ្វើឱ្យទីផ្សារមានទំនុកចិត្តជាងមុនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ទោះជាយ៉ាងណា ការងើបឡើងវិញយ៉ាងរឹងមាំនៃវិស័យអចលនទ្រព្យចិន ហាក់មិនប្រាកដប្រជានោះឡើយ។ ការវិនិយោគ និងការលក់អចលនទ្រព្យបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងខែមេសា ហើយល្បឿននៃការហក់ឡើងតម្លៃផ្ទះបានធ្លាក់ចុះអំឡុងខែនេះ។
អ្នកវិភាគ Huang Yu នៅបណ្ឌិត្យសភាសន្ទស្សន៍ចិន (China Index Academy) និយាយថា “ទំនុកចិត្តរបស់អ្នកស្រុកចំពោះប្រាក់ចំណូលរបស់ពួកគេ និងការរំពឹងទុកនៃការធ្លាក់ចុះតម្លៃផ្ទះ ក៏ដូចជាការព្រួយបារម្ភរបស់អ្នកទិញផ្ទះអំពីផ្ទះលក់មុនគម្រោងចាប់ផ្ដើមដែលមិនអាចប្រគល់ឱ្យអ្នកទិញតាមពេលកំណត់ នៅតែជាកត្តាសំខាន់ៗដែលធ្វើឱ្យអ្នកទិញផ្ទះញញើតនឹងហក់ចូលទៅក្នុងទីផ្សារនេះ”។
ការស្ទង់មតិបានបង្ហាញថា ការលក់អចលនទ្រព្យត្រូវបានរំពឹងថានឹងកើនឡើងពីឆ្នាំមុនក្នុងរង្វង់២,៧%សម្រាប់ឆ្នាំ២០២៣ ទាំងមូល៕ Reuters ៕