ដោយ៖ សុខុម
ហុងកុង: នៅពេលឱកាសខកខានទូទាត់បំណុលមិនធ្លាប់មានជាប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក កាន់តែខិតជិតមកដល់ មហាយក្សចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ និងប្រទេសជប៉ុន ដែលជាសេដ្ឋកិច្ចបំផុតទី៣ របស់ពិភពលោកកំពុងឃ្លាំមើលស្ថានការណ៍នេះទាំងភ័យបុកពោះ។
សម្រាប់ប្រទេសជប៉ុន ដេកភ័យជារឿងធម្មតា ព្រោះជាសម្ព័ន្ធមិត្តនឹងគ្នា ចំណែកឯមហាយក្សចិន គួរតែសប្បាយចិត្តវិញទើបត្រូវ ព្រោះជាគូប្រជែងយ៉ាងស្វិតស្វាញ ឬអាចនិយាយបានថាជាសត្រូវធំបំផុតរបស់សហរដ្ឋអាមេរិក ទាំងផ្នែកយោធា សេដ្ឋកិច្ច វិទ្យាសាស្ត្រ។ តើអ្វីជាហេតុផលនៅពីក្រោយការរឿងនេះ?
-->
ចម្លើយគឺថា មហាយក្សចិន និងប្រទេសជប៉ុន គឺជាអ្នកវិនិយោគបរទេសធំជាងគេបំផុតលើបំណុលរបស់រដ្ឋាភិបាលអាមេរិក ឬ អាចនិយាយបានថាជាម្ចាស់បំណុលធំផុតរបស់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា។
បូកបញ្ចូលគ្នា ប្រទេសទាំងពីរនេះកាន់កាប់រហូតដល់ទៅ២ទ្រីលានដុល្លារ ដែលស្មើនឹងជាង១ភាគ៤នៃមូលបត្របំណុលរតនាគារអាមេរិក ៧,៦ទ្រីលានដុល្លារ ដែលកាន់កាប់ដោយប្រទេសផ្សេងៗ។
រដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្តើមបង្កើនការទិញមូលបត្របំណុលរតនាគារអាមេរិក ក្នុងឆ្នាំ២០០០ នៅពេលដែលសហរដ្ឋអាមេរិក បានព្រមព្រៀងឱ្យប្រទេសចិន ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលជួយជំរុញឱ្យការនាំចេញមានសន្ទុះងើបឡើងខ្លាំង។ ចំណុចនោះហើយដែលបានបង្កើតប្រាក់ដុល្លារ យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រទេសចិន ហើយប្រទេសចិន ត្រូវការកន្លែងដ៏មានសុវត្ថិភាពដើម្បីទុកលុយដុល្លារ ទាំងនោះ។
មូលបត្របំណុលរតនាគាររបស់សហរដ្ឋអាមេរិក ត្រូវបានចាត់ទុកថាជាការវិនិយោគដ៏មានសុវត្ថិភាពបំផុតមួយនៅលើផែនដី ហើយការកាន់កាប់របស់ប្រទេសចិន លើបំណុលរបស់រដ្ឋាភិបាលអាមេរិក បានកើនឡើងពី១០១ពាន់លានដុល្លារ ឈានរហូតដល់១,៣ទ្រីលានដុល្លារ ក្នុងឆ្នាំ២០១៣។
ប្រទេសចិន គឺជាម្ចាស់បំណុលបរទេសដ៏ធំបំផុតសម្រាប់សហរដ្ឋអាមេរិក អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ប៉ុន្តែការកើនឡើងនូវភាពតានតឹងជាមួយរដ្ឋការដឹកនាំរបស់លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៩ បានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង បានកាត់បន្ថយការកាន់កាប់របស់ខ្លួនលើមូលបត្របំណុលរតនាគារអាមេរិក ហើយប្រទេសជប៉ុន ក៏បានវ៉ាដាច់ប្រទេសចិន ក្លាយជាម្ចាស់បំណុលធំបំផុតនៅក្នុងឆ្នាំនោះ។
រដ្ឋាភិបាលក្រុងតូក្យូ ពេលនេះកាន់កាប់មូលបត្របំណុលរតនាគារអាមេរិក រហូតដល់ទៅ១,១ទ្រីលានដុល្លារ បើធៀបនឹងកាន់កាប់របស់ប្រទេសចិន ក្នុងចំនួន៨៧០ពាន់លានដុល្លារ ហេតុដូច្នេះហើយបានជាប្រទេសទាំងពីរនេះងាយរងគ្រោះខ្លាំងណាស់ នៅពេលតម្លៃមូលបត្របំណុលរតនាគារអាមេរិក ដាំក្បាលចុះក្នុងករណីសេដ្ឋកិច្ចអាមេរិក ជួបវិបត្តិរហូតឈានទៅដល់ការខកខានទូទាត់បំណុល៕ CNN៕