ដោយ៖ សុខុម
បាងកក: ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) របស់ថៃ និយាយថា ខ្លួននឹងស្នើឱ្យរដ្ឋាភិបាលថ្មីរបស់ថៃ ជួយគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗដ៏សំខាន់ចំនួន៤ដែលថៃ កំពុងធ្វើជាមួយបណ្ដាប្រទេសជិតខាង រួមទាំងកម្ពុជា។
ប្រធានទីភ្នាក់ងារ NEDA លោក Peerames Vudthitornetiraks បានថ្លែងកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា គម្រោងមួយក្នុងចំណោមគម្រោងសំខាន់ៗទាំង៤នេះគឺផ្លូវហាយវ៉េ R12 Highway ដែលតភ្ជាប់ខេត្តណាខន ផានំ (Nakhon Phanom) របស់ថៃ មកកាន់ក្រុងថាក់ខេក (Thakhek) ប្រទេសឡាវ ហើយនឹងបញ្ចប់ត្រឹមភូមិសាស្ត្រក្នុងខេត្តក្វាងប៊ិញ (Quang Binh) ប្រទេសវៀតណាម។
-->
លោកលើកឡើងទៀតថា “ដើម្បីស្ថាបនាផ្លូវហាយវ៉េប្រវែង១៤៧គីឡូម៉ែត្រនេះ ប្រទេសឡាវ នឹងត្រូវការជំនួយផ្នែកហិរញ្ញវត្ថុប្រមាណ៥៣លានដុល្លារ ដែលយើងគ្រោងស្នើសុំឱ្យរដ្ឋាភិបាលថ្មីរបស់ថៃ ចេញជាកម្ចីដល់ប្រទេសជិតខាងមួយនេះ។ នៅពេលដែលប្រាក់កម្ចីត្រូវបានអនុម័ត ការងារស្ថាបនាផ្លូវអាចបញ្ចប់ក្នុងរយៈពេល៣៦ខែ”។
គម្រោងដ៏សំខាន់មួយទៀតពាក់ព័ន្ធនឹងការកែជួសជុលកែលម្អផ្លូវហាយវ៉េ NR67 Highway ប្រវែង១៣៤,៦គីឡូម៉ែត្រដែលភ្ជាប់មកខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ របស់កម្ពុជា។ ទឹកប្រាក់ប្រមាណជាង២៨លានដុល្លារ ដែលត្រូវការសម្រាប់គម្រោងនេះនឹងត្រូវបានផ្តល់ជាប្រាក់កម្ចីពីប្រទេសថៃ ដែលត្រូវបានរដ្ឋាភិបាលជិតចប់អាណត្តិអនុម័តកាលពីខែវិច្ឆិកា ឆ្នាំ២០២២។
លោក Peerames Vudthitornetiraks ថ្លែងថា ការកែលម្អផ្លូវងាយវ៉េ NR67 Highway ដែលតភ្ជាប់ទៅខេត្តស្រះកែវ របស់ថៃ នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មដឹកជញ្ជូនសាធារណៈ និងភ័ស្តុភារកម្ម ដោយសារវាឆ្លងកាត់មជ្ឈមណ្ឌលសេដ្ឋកិច្ចជាច្រើនរួមមានរាជធានីភ្នំពេញ សៀមរាប ប៉ោយប៉ែត និងបន្ទាយមានជ័យ។
លោកបន្តទៀតថា ផ្លូវហាយវ៉េនេះក៏តភ្ជាប់ប្រទេសថៃ ទៅកាន់តំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង (Southern Economic Corridor) របស់វៀតណាម ដែលនឹងជួយពង្រីកទីផ្សារ និងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនផលិតកម្មរបស់ថៃ ផងដែរ។ ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់វៀតណាម គឺជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គ (Greater Mekong Subregion Economic Corridor)។
គម្រោង២ទៀតដែលស្ថិតនៅក្នុងកម្រិតសិក្សា និងធ្វើផែនការនៅឡើយ គឺការបង្កើតច្រកទ្វារព្រំដែនអចិន្ត្រៃយ៍ស្ទឹងបត់ នៅព្រំដែនស្រះកែវ-កម្ពុជា និងការជួសជុលកែលម្អផ្លូវហាយវ៉េ the NR68 Highway ដែលតភ្ជាប់ខេត្តសុរិន្ទ ជាមួយស្រុកសំរោង នៃឧត្តរមានជ័យ និងខេត្តសៀមរាប។
បច្ចុប្បន្ន ទីភ្នាក់ងារ NEDA កំពុងត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៩០ជាមួយប្រទេសជិតខាងចំនួន៧ដែលប្រទេសថៃ បានរួមចំណែកសរុបអស់ចំនួន៦៤១លានដុល្លារ៕ The Nation៕